ស.រ.អា ជឿជាក់​ខ្លាំង!!  បើកផ្លូវ​ឱ្យ​អ្នក​ចាក់​សាំង​គ្រ​ប់ដូ​ស​ហើយ មិនចាំបាច់​ពាក់​ម៉ាស់ និង​រក្សា​គម្លាត

បរទេស៖ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋអាមេរិក ឬ CDC កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា បានប្រកាស​បើកផ្លូវ​ឱ្យ​ប្រជាជន​ដែល​បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-19 គ្រប់​ដូ​ស​ហើយ មិនចាំបាច់​ពាក់​ម៉ាស់​ការពារ ទាំង​នៅ​ទី​កណ្ដាលវាល និង​នៅក្នុង​ទី​ម្លប់ ស្ទើរ​គ្រប់​ទីកន្លែង នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ការណែនាំ ដែល​ខាង​ស្ថាប័ន​មួយ​នេះ បាន​បញ្ជាក់ថា នឹង​បើកផ្លូវ​ឱ្យ​វិថី​ជីវិត ចាប់ផ្ដើម​វិលត្រឡប់​ទៅកាន់​សភាវ​ប្រក្រតី​ឡើងវិញ។

ក្រៅពីនេះ ខាង CDC ថែមទាំង​បាន​ប្រាប់ទៀតថា អ្នក​ដែល​បានទទួល​វ៉ា​ក់សាង​គ្រប់​ចំនួន​ហើយ មិនចាំបាច់​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព គ្រប់​ទីកន្លែង​នោះទេ ព្រមទាំង​បង្ហាញ​សេចក្ដី​សង្ឃឹមថា ការណែនាំ​នេះ នឹង​ជួយ​បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ​អាមេរិកាំង នាំគ្នា​ចូលទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កាន់តែ​ច្រើនឡើង។

មន្ទីរ​សេត​វិមាន បាន​ផូ​ស្ត​សំណេរ ព្រមជាមួយ​រូបភាព​ដែល​បញ្ជាក់ថា “ដំណឹង​ល្អ ពី CDC!  បើ​លោកអ្នក​បានទទួល​វ៉ាក់សាំង​គ្រប់​ដូ​ស​ហើយ លោកអ្នក​មិនចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ការពារ​ទៀត​ទេ ទាំង​ក្នុង​ទី​ម្លប់ និង​កណ្ដាលវាល នៅតាម​ទីកន្លែង​ណាក៏ដោយ សឹងតែ​ទាំងអស់…អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ហើយ អាច​ឈប់​ពាក់​ម៉ាស់​ការពារ​បាន!”

លោកស្រី រ៉ា​ឆេ​ល​ល៍ វ៉ា​លេន​ស្គី អគ្គនាយិកា CDC បាន​ថ្លែង​ការពារ​កម្មវិធី​បន្ធូរ​បន្ថយ​ការណែនាំ​លើក​នេះ ដែល​ធ្វើឡើង​ត្រឹម​រយៈពេល ២សប្ដាហ៍ ក្រោយ​អាប់​ឌែ​ត​ការណែនាំ​លើកចុងក្រោយ​បំផុត ដោយ​លោកស្រី​បាន​អះអាង​ពី​ករណី អ្នក​ឆ្លង​មេរោគ ដែល​បាន​ថយចុះ​យ៉ាងច្រើន ការពង្រីក​ព្រំដែន​ចាក់​វ៉ាក់សាំង​លើ​មនុ​ស្សវ័យ​កំលោះ​ក្រមុំ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ក្នុងការ​ប្រឆាំង​មេរោគ​ក្លាយ​ពូជ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋអាមេរិក ឬ CDC បាន​ថ្លែងថា “ក្នុង​ច្រើន​សប្ដាហ៍​កន្លងមក យើង​បានឃើញ​ទិន្នន័យ​បន្ថែមថា វ៉ាក់សាំង ពិតជា​ទទួលបាន​លទ្ធ​ផល​ល្អ ក្នុង​ពិភពលោក​មែន វ៉ាក់សាំង​អាច​តតាំង​ប្រឆាំងនឹង​មេរោគ​ក្លាយ​ពូជ ហើយ​មើលទៅ​ហាក់ដូចជា​ចម្លង​មេរោគ​តិច​ទៅ សម្រាប់​អ្នក​ដែល​បានទទួល​វ៉ាក់សាំង…ដូច្នេះហើយ​យើង​ចាំបាច់​ត្រូវ​ប្រើ​ពេលវេលា​ពិចារណា​ឡើងវិញ អំពី​ភ័ស្តុតាង​ទាំងអស់ ដើម្បី​សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ ហើយ​នេះ​គឺជា ដំណើរ​ផ្លូវ ដែល​នាំទៅ​កាន់ការ​សម្រេចចិត្ត​ក្នុង​គ្រានេះ”

លោកស្រី វ៉ា​លេន​ស្គី បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា​ថា អ្នក​ដែលមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ទាប គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មុន​ឈប់​ពាក់​ម៉ាស់​ការពារ និង​បាន​បញ្ជាក់ថា អ្នក​ដែល​មិនទាន់​បានទទួល​វ៉ា​ក់សាង គួរតែ​ពាក់​ម៉ាស់​ការពារ​បន្តទៀត។ ព្រមជាមួយ​គ្នា​នោះ លោកស្រី​បានបញ្ជាក់​បន្តទៀតថា “អ្នក​ដែល​ចាក់​វ៉ាក់សាំង​ហើយ គួរតែ​ត្រឡប់មក​ពាក់​ម៉ាស់​ការពារ​ឡើងវិញភ្លាមៗ បើ​រកឃើញថា ខ្លួនឯង​មាន​អាការ​របស់​ជំងឺ​កូ​វីដ-19”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព