ព្យុះ ថូ​ណា​ដូ ធំ២ វាយប្រហារ “វូ​ហាន-ស៊ូ​ចូ” ស្លាប់៧ រងរបួស២៤០

បរទេស៖ សារព័ត៌មាន ស៊ីន​ហួ និង Reuters បាន​រាយការណ៍​នៅថ្ងៃនេះ (ទី១៥ ឧសភា) អំពី​ស្ថានការណ៍​ខ្យល់ព្យុះ ថូ​ណា​ដូ នៅក្នុង​ប្រទេស​ចិន ដោយ​ព្យុះ​លើក​ទី១ បាន​បោកបក់​វាយលុក​លើ​តំបន់ ខៃ​តៀន ក្នុង​ទីក្រុង​វូ​ហាន មណ្ឌល​ហ៊ូ​ពេ​យ ភាគ​កណ្ដាល កាលពី​វេលា​ម៉ោង ២០.៣៩នាទី នៃ​ថ្ងៃ​សុក្រ ទី១៤ ឧសភា តាម​ម៉ោង​ក្នុងស្រុក។

របាយការណ៍​បឋម អាជ្ញាធរ រកឃើញ​អ្នកស្លាប់​រួចហើយ​យ៉ាងតិច ៦នាក់ និង​រងរបួស​ច្រើន​ដល់​ទៅ ២១៨នាក់ អគារ​ផ្ទះសំបែង ២៧ខ្នង​ខូចខាត​បាក់​រាប​ដល់​ដី ១៣០ខ្នង​ខូចខាត​មធ្យម និង​ច្រើនជាង ២៦ ០០០ខ្នង ជួប​បញ្ហា​ដាច់​ចរន្តអគ្គិសនី។ ក្រៅពីនេះ នៅមាន​របាយការណ៍​ថា ថាវ​វើ​រ ខ្រេ​ន ឬ​ខ្រេ​ន​សម្រាប់ធ្វើ​សំណង់ និង​អគារ​ស្នាក់​នៅក្នុង​ផ្ទៃដី ៨ ០០០ម៉ែត្រការ៉េ ក៏​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា។

ចំណែក​ព្យុះ​ថូ​ណា​ដូ ១ទៀត បាន​វាយ​បោកបក់​លើ​តំបន់ ឈឹង​សា ក្រុង​ស៊ូ​ចូ មណ្ឌល​ចៀង​ស៊ូ ភាគ​ខាងកើត បណ្ដាលឱ្យមាន​អ្នកស្លាប់​យ៉ាងតិច ១នាក់ និង ២១នាក់​ទៀត​រងរបួស មិនតែប៉ុណ្ណោះ​នៅមាន​ខ្យល់ព្យុះ​បោកបក់ និង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ដែល​អង្គភាព​ឧតុនិយម ត្រូវ​ប្រកាសអាសន្ន និង​សុំឱ្យ​ប្រជាជន​ចៀសវាង​ពី​ការ​ចេញពី​ទី​ស្នាក់នៅ។

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព