អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​នាំយកមក​ឧបត្ថម្ភ​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

ព្រះសីហនុ ៖ព្រឹក​ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ “ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​កសាង​ធនធាន​របស់​សង្គម” ដើម្បី​យកមកប្រើ​ប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ​និង​គ្រោះមហន្តរាយផ្សេងៗនៅ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។

អំណោយ​ដែល​សប្បុរសជន​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​រួមមាន៖

១.ឯកឧត្តម ទៀ សុខា ប្រធាន​សមាគមន៍​ចលនា​យុវជន​កម្ពុជា ១៥៧ សាខា​ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ អង្ករ ១០តោន ទឹក​សុទ្ធ ២០០កេស អាល់កុល ១៥កាន ត្រីខ ១៥កេស ម៉ាស ៧កេស ប៊ីចេង ៧បាវ និង​ខ្ទឹមស ៧បាវ។

២.លោក​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ ថវិកា​ចំនួន ២០.០០០ ដុល្លា​អាមេរិក។

៣.លោក​ឧកញ៉ា គិត ប៊ុន និង​លោកជំទាវ ម្ចាស់​ក្រុមហ៊ុន ថា​យ​ហ្គើ​រ ដាយ​នែ​មី​ក ត្រេស​ស៊​ល ឯ.ក ឧបត្ថម្ភ​ថវិកា​ចំនួន ១៧.២២០.៧០០ រៀល។

ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ទៀ សុខា ប្រធាន​សមាគមន៍​យុវជន​កម្ពុជា ១៥៧ សាខា​ខេត្ត​ព្រះសីហនុ លោក​ប្រធាន​អគ្គិសនី​ខេត្ត និង​លោក​ឧកញ៉ា គិត ប៊ុន និង​លោកជំទាវ ដែល​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ឧបត្ថម្ភ​ជូន​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​សាខា​មាន​សម្ភារ: និង​ថវិកា​ដើម្បី​យកមក​បម្រើ​សកម្មភាព​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេង ពិសេស​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់ ដែល​កំពុង​ខ្វះខាត​ស្បៀង​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ឬ​និន្នាការ​នយោបាយ ។

ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​បិទ​ខ្ទប់ យើង​បាន​ប្រមូលផ្តុំ​កម្លាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ស្នើសុំ​កម្លាំង​ពី​ភូមិភាគ៣ កងពលតូច​ថ្មើរជើង​លេខ៣១ និង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ចូល​ជួយ​អន្តរាគមន៍​តំបន់​បិទ​ខ្ទប់ (តំបន់​ក្រហម) ក៏ប៉ុន្តែ​មកដល់ពេលនេះ​យើង​បាន​កែសម្រួល​តំបន់​ក្រហម មក​លឿងទុំ និង​តំបន់​លឿងទុំ មក​លឿង​វិញ ដោយសារតែ​យើង​បាន​យក​សំណាក​ប្រជាពលរដ្ឋ​តំបន់​បិទ​ខ្ទប់​រួចរាល់​កាលពី​ថ្ងៃទី១៣ ខែឧសភា​កន្លងមក ហើយ​នៅ​សេសសល់​តែ​គ្រួសារ​ណា​ដែល​វិជ្ជមាន​កូ​វីដ​តែប៉ុណ្ណោះ ដែល​ពួកគាត់​មិនបាន​ការពារ​តាម​ការណែនាំ ៣.ការពារ និង ៣កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ យើង​នៅតែ​បន្ត​បិទ​ខ្ទប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែលមាន​វិជ្ជមាន​កូ​វីដ​តែប៉ុណ្ណោះ ធ្វើឱ្យ​អត្រា​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ-១៩ មានការ​ថយចុះ​យ៉ាងគំហុក ។ ទន្ទឹម​នោះ​យើង​ក៏ត្រូវ​គិតគូរ​ពី​ផែនការ​យុទ្ធសាស្ត្រ និង​ទំនិញ​យុទ្ធសាស្ត្រ ដើម្បី​បំរើឱ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ នៅ​ខេត្ត​ព្រះសីហនុ​របស់​យើង​បន្តទៀត ដូចជា​ការរក​ទិញ​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ដើម្បី​បំពេញតម្រូវការ​ខ្វះខាត​នៅពេល​ដែលមាន​អ្នកជំងឺ​កូ​វីដ​ចូលមក​សម្រាក​ព្យាបាល​ច្រើន៕

ប្រភព៖ រដ្ឋបាលខេត្ត​ព្រះសីហនុ

#អរគុណសន្តិភាព