រយៈពេល១៦ថ្ងៃ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម បាន​ជាង ៦៩ម៉ឺន​នាក់, ដូ​ស​ទី២ ចាក់​បាន​ជាង ៣ម៉ឺន​នាក់

ភ្នំពេញ៖  រយៈ​ពេល១៦ថ្ងៃ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុង​ខ័​ណ្ឌ​ទាំង៦ដែលជា​តំបន់​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ កូ​វីដ-១៩  ក្នុង​រាជធានី​ភ្នំពេញ ក្រោម​បទបញ្ជា​ផ្ទាល់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​កម្ពុជា ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ សរុប១៦ថ្ងៃ ចាក់​បាន​ចំនួន ៦៩៤,២១៣នាក់ ស្រី ៣៧៥,២៣៤ នាក់។ ដោយឡែក​អ្នក​ចាក់​ដូ​ស​ទី២ ចាក់​បាន ៣,៥៩៦នាក់។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម បាន​កត់សម្គាល់ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី២ ដែល​ដំណើរការ​នៅ​ថ្ងៃ​ម្សិលមិញ នៅតែ​ដំណើរ ការល្អប្រសើរ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុមការងារ។

បើទោះបី​យ៉ាងណា​ឯកឧត្តម

នាយ​ឧ​ត្ត​ម​សេនីយ៍ បន្ត​ក្រើនរំលឹក​ដល់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ពិនិត្យ ពិច័យ​ឱ្យបាន​ល្អិតល្អន់​បំផុត​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ត្រូវ​ប្រាកដ​គម្លាត​ការចាក់​រវាង​ដូ​ស​ទី១ មក​ដូ​ស ទី២ មាន​រយៈពេល ១៤ថ្ងៃ និង​ចាក់ឱ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស ដើម្បី​ធានាថា ពលរដ្ឋ​មាន​វ៉ាក់សាំង​ក្នុង​ខ្លួន​ការពារ​ជំងឺ​កូ​វីដ១។ ជាមួយគ្នា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ក៏បាន​បញ្ជាក់ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី២ ត្រូវយក​ឯកសារ និង​បំពេញ​លក្ខខណ្ឌសំខាន់ៗមួយចំនួន។

ឯកសារ និង​លក្ខខណ្ឌ​ដែល​ត្រូវ​អនុវត្តន៍​ឱ្យបាន​សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី២នេះ រួមមាន៖ យក​ឯកសារ​ជា​ទម្រង់​ចាក់​វ៉ាក់សាំង​ដូ​ស​ទី១មកជា​មួយ, ចាក់​ដូ​ស​ទី១ នៅ​កន្លែង​ណា ត្រូវ​ចាក់​ដូ​ស​ទី២ នៅ​កន្លែង​ដដែល​នោះ​ត្រូវ​ដឹង​ពេលវេលា​ដែល​កំណត់​ចាក់​ដូ​ស​ទី២ (គ្រប់១៤ថ្ងៃ) ចៀសវាង​ការ​មក​កកកុញ និង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ។ ជាពិសេស​នោះ អ្នក​ដែលមាន​ជំងឺ​កូ​វីដ១៩ មិន​អនុញ្ញាត​ឱ្យទៅ​ចាក់​ដូ​ស ទី២នោះឡើយ។

ឯកឧត្តម ឥត សារ៉ាត់ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ២រួចរាល់ ត្រូវ​រក្សា​ទម្រង់​បណ្ណ​ចាក់​វ៉ាក់សាំង​បណ្តោះអាសន្ន​ឱ្យបាន​ត្រឹមត្រូវ កុំឱ្យ​បាត់ បង់ ឬ​រហែក ដើម្បី​ទុក​ប្តូរ​យក​បណ្ណ​ចាក់​វ៉ាក់សាំង ដែល​ក្រុមការងារ​កំពុង​ផលិត។    ដោយឡែក​អ្នក​ដែល​ទទួលបាន​បណ្ណ​ចាក់​វ៉ាក់សាំង​ហើយក៏​ត្រូវ​ចេះ​ថែរក្សា​កុំឱ្យ​បាត់ បង់​ព្រោះ​អាចមាន​ភាពចាំបាច់​ប្រើប្រាស់​ទៅ​ថ្ងៃ​ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី១ នៅឡើយ​នោះ ត្រូវ​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង ព្រោះ​ក្រុមការងារ​នៅតែ​បន្ត​ចាក់​ដូ​ស​ទី១ ជូន​ហើយ​សូម​ចូលរួម​អនុវត្តន៍​ឱ្យបាន​ល្អប្រសើរ​តាម​វិធាន​សុខាភិបាល​នៅពេល​ទៅ​ចាក់​វ៉ាក់សាំង៕

#អរគុណសន្តិភាព