ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពត

កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពត។ ពិធី​នេះ​រៀបចំ​នៅ​សាលាខេត្ត​កំពត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ព្រះរាជា​អាជ្ញា ប្រធាន​សាលាដំបូង​ខេត្ត លោកស្នងការ មេបញ្ជាការ​កងកម្លាំង​ទាំងបី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត។

ក្នុង​ពិធី​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ថ្លែង​កោតសរសើរ​ដោយស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរាជការ​នៃ​ខេត្តកំពត​ទាំងមូល តែងតែ​ខិតខំ​ដឹកនាំ និង​បំពេញភារកិច្ច​ធ្វើ​ឲ្យ​ខេត្តកំពត មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ មាន​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ ជាពិសេស​ស្ថិតក្នុង​បរិបទ​កូ​វីដ១៩នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម ជាវ តា​យ ក្នុងនាម​ក្រសួង​កិច្ចការនារី និង​រដ្ឋបាល​ខេត្តកំពត បាន​ផ្តាំផ្ញើ និង​ផ្តល់នូវ​អនុសាសន៍​លើ​កិច្ចការសំខាន់ៗមួយចំនួន ដល់​លោកស្រី ហួត រី ប្រធាន​មន្ទីរ​កិច្ចការនារី​ដែល​ទើប​ប្រកាស​តែងតាំង​នាពេលនេះ​ដូចខាងក្រោម៖

១-ត្រូវ​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ពី​លោកស្រី សឿន សារី ឲ្យ​បាន​ចប់សព្វគ្រប់​តាម​ផែនការ

២-បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្របតាម​តួនាទី​ភារកិច្ចរៀងៗខ្លួន ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​នានា និង​គោលការណ៍​ណែនាំផ្សេងៗ របស់​រាជរដ្ឋាភិបាល ក្រសួង​កិច្ចការនារី និង​រដ្ឋបាលខេត្ត

៣-ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ក្នុង​មន្ទីរ ឲ្យ​បានល្អ​ប្រសើរ ពោលគឺ​សំដៅ​លុបបំបាត់​ភាព​អសកម្ម​ទាំងឡាយ និង​បង្កើន​ស្មារតី​គោរព​ក្រមសីលធម៌​វិជ្ជាជីវ​រៈ

៤-ត្រូវធ្វើ​កិច្ចសហការ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ឲ្យ​ការងារ​របស់​យើង​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ជូន​រាជរដ្ឋាភិបាល ក្រសួង និង​រដ្ឋបាលខេត្ត

៥-ពេល​ជួប​ការលំបាក​ត្រូវ​រាយការណ៍​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាលខេត្ត ដើម្បី​ជួយ​ដោះស្រាយ ដោយ​មិនត្រូវ​ទុក​ការងារ​ទាំងនោះ​ចោល​ឡើយ

៦-យកចិត្តទុកដាក់​ជម្រុញ​លើកទឹកចិត្ត អប់រំ​ណែនាំ ជួយ​បង្កលក្ខណៈ និង​ផ្តល់ឱកាស​ការងារ​ដល់​មន្ត្រី​វ័យក្មេង ដែលជា​ធនធានមនុស្ស​សម្រាប់​បន្តវេន​នៅ​ថ្ងៃ​ខាងមុខ។

សូមជម្រាបថា តាមរយៈ​ប្រកា​សលេខ៣៣៣ កក​ន/ប្រក ចុះ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់​ក្រសួង​កិច្ចការនារី ត្រូវបានតែងតាំង​លោកស្រី ហួត រី ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពត៕

#អរគុណសន្តិភាព