អាជ្ញាធរខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ និង​ស្ថានភាព​នៃ​ការផ្អាក​សកម្មភាព​ផលិតកម្ម​របស់​រោងចក្រ​នៅ​រោងចក្រ ជូ ហួយ ហ្វ៊ូ​ត​វែ និង​រោងចក្រ ខា លីន​តុ​ន (ខាម​បូ​ឌា) នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ។

ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​សម្ដែង​ការព្រួយបារម្ភ និង​បាន​ជម្រុញ​ឲ្យ​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ ត្រូវខិតខំ​ព​ន្លឿ​ន​ការរៀបចំ​ពង្រីក​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​ពីអ្វី​ដែលមាន ខណៈដែល​ខេត្តកំពង់ចាម បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ លើក​ម្មករ-កម្ម​ការ​នី​រោងចក្រ ចំនួន០៤ នៅ​ស្រុក​បាធាយ ស្រុក​ជើងព្រៃ និង​ស្រុក​កំពង់សៀម បាន​ឆ្លង​វីរុស​កូ​វីដ-១៩។

ឯកឧត្ដម អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ន មាន​រោងចក្រ​ចំនួន ០៤ មាន​កម្មករ សរុប​ប្រមាណ​ជា ២ម៉ឺន​នាក់ កំពុងតែ​ប្រឈម នឹង​ការចម្លង​ជម្ងឺ​កូ​វីដ ១៩ នេះ ដោយសារ រោងចក្រ​ជា​កន្លែង​ជួបជុំ ហើយក៏​ជា​ប្រភព​ឆ្លង​ជម្ងឺ​កូ​វីដ-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់។ ជាក់ស្ដែង នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ ចំនួន ៥២នាក់ បន្ថែម ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នកជំងឺ​កូ​វីដ-១៩ ខេត្តកំពង់ចាម​កើនឡើង​ដល់៣០៧នាក់។ ហើយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បន្ត​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នឹង​អ្នក​វិជ្ជមាន​កូ​វីដ-១៩ បន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​បង្កើន​ការ ការពារ​ខ្លួន និង​ក្រុមគ្រួសារ ជៀសអោយផុត​ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ «៣កុំ ៣ការពារ» និង​ត្រូវ​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​ជៀស​ផុតពី​ជំងឺ​មហា​ប្រល័យ​នេះ៕

#អរគុណសន្តិភាព