ប្រជាពលរដ្ឋ ក្នុង​សង្កាត់​តាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ បានទទួល​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

ភ្នំពេញ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ខឹម​ជា សា​ឃឿន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចែក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ជូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី២ ស្ថិតនៅ​ទីតាំង​វត្ត​អរុណ​វ​ត្តី ស្ថិតក្នុង​សង្កាត់​តាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ថ្ងៃទី២៦ ខែឧសភា​នេះ មាន​រយ:ពេល២៦ថ្ងៃ​ហើយ​ដែល​ក្រុមការងារ ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្រុមគ្រូពេទ្យ​ជើងគោក បាន​ដំណើរ​ការបើក​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ទាំង២ដូ​ស ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​បទបញ្ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ក្រសួងការពារជាតិ និង​បទបញ្ជា​មេបញ្ជាការ​កងទ័ពជើងគោក បានប្រគល់​ភារកិច្ច​ឱ្យ​ក្រុម​ពេទ្យ​ជើងគោក ទទួលខុសត្រូវ​ក្នុងភូមិ​សាស្ត្រ សង្កាត់​តាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ការចាក់ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី២នាពេលនេះ ក៏បាន​នឹង​កំពុងតែ​ប្រព្រឹត្តទៅ​ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ រហូតដល់​បងប្អូន​ទទួល វ៉ាក់សាំង​កូ​វីដ-១៩នេះគ្រប់ៗគ្នា​រួចរាល់ មិន​ថា​ជា​ជនជាតិខ្មែរ ឬ ជនជាតិ​បរទេស​នោះឡើយ  ។

ឧ​ត្ត​ម​សេនីយ៍​ឯក ខឹម​ជា សា​ឃឿន បាន​គូសបញ្ជាក់ថា ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​ប្រជាពលរដ្ឋ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ បទបញ្ជា​ឲ្យ​បើក​យុទ្ធនាការ ថ្នាក់ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដល់​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ១៨ឆ្នាំ​ឡើងទៅ ដោយ​ផ្តើមចេញពី​តំបន់​ក្រហម ។

ឧ​ត្ត​ម​សេនីយ៍​ឯក ខឹម​ជា សា​ឃឿន បាន​បន្តទៀតថា កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ មាន​ចំនួន ០៧អង្គភាព ចូលរួម​ទទួល​ភារកិច្ច​ចាក់​វ៉ាក់សាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​រួមមាន០៦ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ , ខណ្ឌមានជ័យ, ខណ្ឌដង្កោ ,ខណ្ឌ​កំបូល , ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ ។

ឧ​ត្ត​ម​សេនីយ៍​ឯក ខឹម​ជា សា​ឃឿន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​សម្ដេច​បាន​ស្វះ​ស្វែងរក​ជំនួយ​វ៉ាក់សាំង និង​ទិញ​វ៉ាក់សាំង​មកចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយ​ឥតគិតថ្លៃ និង​បាន​ថ្លែង​កោតសរសើរ វាយតំ​លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​គ្រូពេទ្យ​ជើងគោក បាន​ខិតខំ​បំពេញភារកិច្ច​ដោយ​ការទទួលខុសត្រូវ​ដែល​ថ្នាក់លើ​ប្រគល់ជូន​បានល្អ​ប្រសើរ​តាម​ផែនការ និង​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មកចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ-១៩ ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ​យើង និង​សង្គមជាតិ​យើង ។

ឧ​ត្ត​ម​សេនីយ៍​ឯក ខឹម​ជា សា​ឃឿន បាន​សំណូមពរ​ដល់​ប្រជា​ពលរ​ដ្ជ​ត្រូវគោរព​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល និង​អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ ព្រមទាំង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល អោយ​បានជា​ជាប់​ប្រចាំ ទោះបីជា​បាន ទទួល​ការចាក់​វ៉ាក់សាំង​ទាំងពីរ​ដូ​ស រួចហើយ​ក៏ដោយ ៕

#អរគុណសន្តិភាព