អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​អតីតយុទ្ធជន​ក្រីក្រ និង​ពិការភាព និង​គ្រួសារ ដែល​បាន​ចូលមក​រស់នៅ​ក្នុងផ្ទះ​សាងសង់​រួច នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច ប៊ុន រ៉ានី សែន​ជ័យ ដំណាក់​ត្រ​យឹ​ង

ពោធិ៍សាត់៖ លំនៅដ្ឋាន​ចំនួន៥០ខ្នង (ជំហាន១) នៅ​ចំណុច​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច ប៊ុន រ៉ានី សែន​ជ័យ ដំណាក់​ត្រ​យឹ​ង ស្ថិតក្នុង​ភូមិ​សាយ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​បាន​សាងសង់​រួច នឹងត្រូវ​ធ្វើ​ពិធី​ប្រគល់-ទទួល ជូន​អតីតយុទ្ធជន​ក្រីក្រ និង​ពិការភាព ជា​ផ្លូវការ នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។

ជាក់ស្តែង នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​ខេត្ត បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​អតីតយុទ្ធជន​ក្រីក្រ និង​ពិការភាព និង​គ្រួសារ ដែល​បាន​ចូលមក​រស់នៅ​ក្នុងផ្ទះ​សាងសង់​រួច ជាពិសេស​ព​ន្លឿ​ន​ការសាងសង់​ផ្ទះ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ឱ្យបាន​លេចចេញ​ជា​រូបរាង​ឡើង ក្នុងពេល​ដ៏​ខ្លី​នេះ។

គួរ​បញ្ជាក់ថា ដោយ​ពិនិត្យឃើញ​ពី​ពលី​កម្ម​ដ៏​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ និង​ការលំបាក​របស់​អតីតយុទ្ធជន និង​គ្រួសារ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានធ្វើ​សំណើ​គោរព​ចូលមក​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ពួកគាត់ ហើយ​សម្តេច​តេ​ជោ​ក៏បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ទីតាំង​ខាងលើ។ ទន្ទឹមនឹងនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន បានទទួល​រ៉ាប់រង​ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ដែល​ខ្វះខាត ធ្វើយ៉ាងណា​ឱ្យបាន​គ្រប់​ចំនួន ៦២៨គ្រួសារ/ខ្នង​ផ្ទះ ដោយ​មិនឱ្យ​ខ្វះ​មួយ​គ្រួសារ​ណា​ឡើយ។

ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​ខាងលើ ត្រូវបាន​ប្រគល់ជូន​អតីតយុទ្ធជន និង​គ្រួសារ​ម្តង​រួចមកហើយ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី​លំនៅដ្ឋាន និង​ដី​កសិកម្ម ទំហំ​៧០X១៥០ម៉ែត។ ដោយឡែក​ផ្ទះ​មាន​ទំហំ​៥x៧ម៉ែត្រ គ្រឿង​បង្គុំ​ធ្វើ​អំពី​ដែក សសរ​ចាក់​ស៊ីម៉ង់​តិ៍ ជញ្ជាំង​ស្មា​តបត ដំបូល​ស័ង្កសី ត​តាក​ខាងក្រោយ​ផ្ទះ ជា​ចង្ក្រាន​បាយ និង​មាន​បង្គន់​អនាម័យ​ដាច់ដោយឡែក​មួយ ដែល​ចំណាយ​ថវិកា​ប្រមាណ ៣,៥០០ដុល្លារ​អាមេរិក/ខ្នង​ផ្ទះ នឹងត្រូវ​ធ្វើ​ពិធី​ប្រគល់-ទទួល ចំនួន៥០ខ្នង (ជំហាន១) នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។ ដោយឡែក​លំនៅដ្ឋាន​ដ៏​ទៃ​ផ្សេងទៀត នឹង​ជូន​កាលបរិច្ឆេទ​ផ្តល់ជូន​បន្តបន្ទាប់​ទៀត។

ការផ្តល់​ថវិកា​សម្រាប់​ការសាងសង់​ផ្ទះ​នេះ គឺជា​ការគិតគូរ​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែ​សម្តេច ធ្លាប់បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម និង​មាន​ប្រវត្តិ​តស៊ូ​ជាច្រើន​រាប់មិនអស់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ឥស្សរជន​ជាន់ខ្ពស់​ដទៃទៀត ជាពិសេស​បងប្អូន​អតីតយុទ្ធជន ដើម្បី​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ៕

ប្រភព៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់

#អរគុណសន្តិភាព