ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៥ អាណត្តិ​ទី៣ ដើម្បី​ពិនិត្យ​អនុម័ត​លើ​ការងារ និង​ដោះស្រាយ​បញ្ហាផ្សេងៗតាម​មូលដ្ឋាន

ត្បូងឃ្មុំ៖ នា​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៥ អាណត្តិ​ទី៣ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ពាង ណា​រិ​ទ្ធ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក-នាយករង​រដ្ឋបាល​សាលាខេត្ត នាយក-នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន​ច្រកចេញចូល​តែមួយ​សាលាខេត្ត និង​ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព​ពាក់ព័ន្ធ​មួយចំនួន។

របៀបវារៈ​ក្នុង​កិច្ចប្រជុំ​រួមមាន៖-ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៤ អាណត្តិ​ទី៣ របស់​ក្រុមប្រឹក្សា​ខេត្ត, -ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​រីកចម្រើន​ប្រចាំ​ខែឧសភា ឆ្នាំ២០២១ របស់​រដ្ឋបាលខេត្ត, -ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ប្រតិទិន នៃ​កិច្ចប្រជុំ​សាមញ្ញ​សម្រាប់​រយៈពេល១២ខែ ឆ្នាំ​ទី៣ អាណត្តិ​ទី៣ របស់​ក្រុមប្រឹក្សា​ខេត្ត -និង​បញ្ហាផ្សេង។

នាឱកាស​នោះ លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ បាន​អាន​សេចក្តីព្រាង​របាយការណ៍ និង​សេចក្តីព្រាង​កំណត់ហេតុ​ជូន​អង្គប្រជុំ​ដើម្បី​ពិនិត្យ ពិភាក្សា រួមគ្នា​រួចមក ត្រូវបាន​អនុម័ត​យល់​ព្រម២៥លើ២៥សម្លេង។

ឯកឧត្ដម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ ពិតជា​មាន​សារ:សំខាន់​ចំពោះ ការតាក់តែង​នូវ​ឯកសារ​សម្រាប់​កិច្ចប្រជុំ ពិសេស​គឺធ្វើឡើង​ដើម្បី​ស្វែងរក​នូវ​ចំនុច​ខ្វះខាត ដោយ​សមាជិក​ដែល​ចូលរួម​ទាំងអស់ បានលើកឡើង​ក្នុង​អង្គប្រជុំ ធ្វើយ៉ាងណា​កែលម្អ​អោយ​កាន់តែ​ប្រសើរឡើង សម្រាប់​ទុកជា​ឯកសារ​ដ៍​ល្អ​ទាំង​អក្ខរាវិរុទ្ធ ឃ្លោងឃ្លា និង​ខ្លឹមសារ​ពោរពេញ​ដោយ​អត្ថន័យ ស្របទៅនឹង​ឯកសារ​គំរូ​ច្បាប់ដើម។

ឯកឧត្តម ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​បំពេញការងារ​នាពេល​កន្លងមក ពិសេស​ឯកឧត្ដម លោកជំទាវ ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ជួយ​ជំរុញ​អោយ​ការងារ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ជា​បន្តបន្ទាប់។

ជាមួយគ្នា​នោះដែរ ឯកឧត្តម ពាង ណា​រិ​ទ្ធ អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​មូលដ្ឋាន ត្រូវ​ពង្រឹង អនុវត្ត គោលនយោបាយ​ភូមិ ឃុំ សុវត្ថិភាព គ្រប់​ទីកន្លែង និង​បញ្ហា​ប្រឈម ក៍​ដូចជា​សំណើរផ្សេងៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បាន​ទាន់ពេលវេលា ជាពិសេស​យុទ្ធនា​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ៕

ប្រភព៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ

#អរគុណ​សន្តិភាព