សម្តេច​ទៀ បាញ់​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី១៥ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក លើក​ទី៨

ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី១៥ (15th ADMM) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក លើក​ទី៨ (8th ADMM-Plus) និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-ចិន ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១ ដោយ​កិច្ចប្រជុំ​នេះ​ប្រទេស​ព្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា​នេះ​ថា របៀបវារៈ​នៃ​កិច្ចប្រជុំ​គឺ

ទី១៖ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹងចូលរួម​អនុម័ត​ឯកសារ​ទស្សនទាន​ចំនួន៤ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​សេចក្តីប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី១៥ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន។

ទី២៖ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក​ប្រមុខ​ការពារជាតិ​កម្ពុជា នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្ដីពី​បរិយាកាស សន្តិសុខ​តំបន់ និង​អន្តរជាតិ។ ក្នុងពេលនោះ សម្តេច​ពិជ័យ​សេនា នឹងចូលរួម​អនុម័ត​សេចក្តីប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី១៥ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត​សន្តិភាព​និង​វិបុលភាព​អាស៊ាន។

ទី៣៖ ស្របគ្នា​នឹង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹងចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-ចិន។

ក្នុង​កិច្ចប្រជុំ​នេះ​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​សភាពការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ ខណៈ​សភាពការណ៍​ទាំង​នោះបាន​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ក៏ ដូចជា​ពិភព លោក​បាន​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​នោះ ៕

#អរគុណសន្តិភាព