រដ្ឋបាល​ខេត្តកោះកុង រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង ក្រុង​ខេមរៈភូមិន្ទ

កោះកុង៖ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលក្រុង​ខេមរៈភូមិន្ទ។

លោកជំទាវ អភិបាលខេត្ត បាន​លើកឡើងថា ថ្ងៃនេះ​យើង​ជួបជុំគ្នា​ដើម្បី​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរងក្រុង ដើម្បី​បំពេញ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង​ខេមរភូមិន្ទ ដែល​ទើបតែ​ទទួលបាន​ការតែងតាំង​ថ្មី។ ខ្ញុំ​សង្ឃឹម​ជឿជាក់ថា លោក​អភិបាលរងក្រុង ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន ដើម្បី​ចូលរួម​ក្នុង​ការងារ​ដឹកនាំ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ក្រុង របស់​យើង​ឲ្យ​កាន់តែ​រីកចំរើន និង​ទទួលបាន​សមិទ្ធផលថ្មីៗថែមទៀត។

ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​បំពេញការងារ​ក្នុង​អង្គភាព ខ្ញុំ​ស្នើសុំ​ដល់​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​កិច្ចការសំខាន់ៗដូចខាងក្រោម៖

ទីមួយ. ការបន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ

រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​គុណ​តម្លៃ​ខ្ពស់បំផុត​ចំពោះ​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ជំរុញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការលើកស្ទួយ​សិទ្ធិសេរីភាព​ក្នុងសង្គម​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន។

ទី​ពីរ : ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជា​កិច្ចការ​ដែលមាន​ការពា​ក់​ព័ន្ធ​នឹង​សកម្មភាព​របស់​មនុស្សគ្រប់ៗរូប​ក្នុងសង្គម។

ទី​បី-ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី

បច្ចុប្បន្ន​បញ្ហា​ទំនាស់​ដីធ្លី នៅតែ​បន្ត​កើតមានខ្លះៗនៅឡើយ​ក្នុងភូមិ​សាស្ត្រ​ក្រុង-ស្រុក។ ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​រដ្ឋបាល​ស្រុក ត្រូវខិតខំ​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ប្រកបដោយ​ភាព​អត់ធ្មត់ និង​ត្រូវមាន​វិធានការ​ទប់ស្កាត់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ បន្ត​កើតមាន​កាន់តែ​ច្រើនឡើង​ដែល​អាច​បង្ក​ភាពស្មុគស្មាញ និង​កាន់តែ​មានការ​លំបាក​ក្នុងការ​ដោះស្រាយ។

ទី​បួន. អំពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​គាំទ្រ​ដល់​កិច្ចដំណើរការ​កំណែទម្រង់ ឲ្យ​ដំណើរការ​ដោយ​រលូន ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត បានផ្តល់​វគ្គ​តម្រង់ទិស​ដល់​រដ្ឋបាល​ក្រុង ស្រុក​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន អំពី​ការដឹកនាំ។

ទី​ប្រាំ. អំពី​ការផ្តល់​សេវាសាធារណៈ  រដ្ឋបាល​ក្រុង ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ខ្ញុំ​សូម​យក​ឱកាស​នេះ ស្នើ​ដល់​ក្រុមប្រឹក្សា​ក្រុង លោក​អភិបាលក្រុង លោក​ចៅសង្កាត់ ត្រូវយក​ចិត្ត​ទុក​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​សេចក្តីណែនាំ​នានា​របស់​រដ្ឋបាលខេត្ត ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ឱ្យបាន​ហ្មត់ចត់ និង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

#អរគុណសន្តិភាព