រដ្ឋបាលខេត្ត​បាត់ដំបង ចាប់ផ្ដើម​ស្ថាបនា​ច្រាំង​ស្ទឹង​សង្កែ

បាត់ដំបង៖ នៅ​ថ្ងៃ​អង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត​បាត់ដំបង បានរៀបចំ​ពិធី​ក្រុង​ពលី​ប​ញ្ខុះ​បឋមសិលា ស្ថាបនា​ច្រាំង​ស្ទឹង​សង្កែ ត្រើយ​ខាងលិច​ទល់មុខ​សាលាខេត្ត​បាត់ដំបង ដើម្បី​ការពារ​ការបាក់​ស្រុត និង​រក្សា​នូវ​សោភណភាព​ទីក្រុង ក្រោម​អធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ។

នៅក្នុង​ពិធី​ក្រុង​ពលី​បើក​ការដ្ឋាន​ស្ថាបនា​ច្រាំង​ស្ទឹង​សង្កែ​នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ច្រាំង​ស្ទឹង​ដែល​ត្រូវធ្វើ​ទាំង​ត្រើយ​ខាងលិច និង ត្រើយ​ខាងកើត សរុប​មាន​ប្រវែង​ជាង២០០ម៉ែត្រ ។ ការស្ថាបនា​ច្រាំង​ស្ទឹង​សង្កែ​នេះ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាច្រើន ក្នុងនោះ​គឺអាច​ជួយ​ទប់​ច្រាំង​ស្ទឹង​កុំឱ្យ​បាក់ ព្រោះ​ជា​រៀងរាល់​ពេល​មាន​ទឹកជំនន់ម្ដងៗ តែងមាន​ការបាក់​ស្រុត​ច្រាំង​ជា​បន្តបន្ទាប់ ។

ឯកឧត្តម​អភិបាលខេត្ត បន្តថា ច្រាំង​ស្ទឹង​សង្កែ​នេះ នៅពេល​កែលម្អ​រួចរាល់ នឹងមាន​រៀបចំ​ធ្វើ​វេរ៉ងដារ អាចឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ដើរ​ហាត់ប្រាណ​បាន និង​បាន​ជួយ​បង្កើន​នូវ​សោភណភាព​ក្នុង​ក្រុង​បាត់ដំបង ក៏ដូចជា​ការត្រៀមខ្លួន​ចូលរួម​ប្រកួត​ប្រ​ជែក​ទីក្រុង​ស្អាត នៅ​ឆ្នាំ២០២១នេះ។

ជាពិសេស​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរខេត្ត​បាត់ដំបង ដើម្បី​ធ្វើឱ្យ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង កាន់​តែមាន​ភាពល្អប្រសើ​រ និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេស ចរ​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​កាន់តែច្រើនឡើងៗ ។

គម្រោង​ផែនការ​ក្នុងការ​ស្ថាបនា​ច្រាំង​ស្ទឹង​សង្កែ​នេះ ត្រូវបាន​ចែកចេញជា​ពីរ គឺ​នៅ​ត្រើយ​ខាងកើត ត្រូវ​ធ្វើជា​ជញ្ជាំង​បេតុង ដើម្បី​ជួយ​ទប់ទឹក​ជំនន់​កុំឱ្យ​បាក់​ច្រាំង និង​នៅ​ត្រើយ​ខាងលិច នឹងមាន​ចាក់​បេតុង​ជាថ្នាក់ៗ មាន​ដាំ​ស្មៅ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ដែល​ចង់​ជិះទូក​លេង អាច​ចុះ​តាម​ទីតាំង​នេះ​បាន៕

#អរគុណសន្តិភាព