កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​នៅលើ​ផ្ទៃ​ទន្លេ​បាន​ប្រមាណ១៣៨១កន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចូលរួម​អនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ចុះ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​នៅលើ​ផ្ទៃ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល០៣ថ្ងៃ​ចាប់ពី​ថ្ងៃទី​ចាប់ពី​ថ្ងៃទី១២ រហូតដល់​ថ្ងៃទី១៤ ខែមិថុនា បាន​ចុះ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន០៥ បាន​ប្រមាណ១៣៨១កន្លែង។

សេចក្តីរាយការណ៍​ឱ្យដឹងថា​ដោយ​ការរុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​នៅតែ​បន្ត​អនុវត្ត​មិនមាន​ការពន្យា​ពេល​នៃ​ការរុះរើ​នោះឡើយ។ កម្លាំង​សមត្ថកិច្ច​បន្ត​ចុះ​អនុវត្ត​វិធានការ​រុះរើ​នេះ​ឱ្យអស់​មិនឱ្យ​មានការ​តាំង​លំនៅឋាន រឺ​ការប្រកប​របរ​អាជីវ​កម្ម អាណាធិបតេយ្យ​លើ​ផ្ទៃ​ទឹកទន្លេ​នេះ​ទៅមុខទៀត​ទេ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍​ឱ្យដឹងថា ចំពោះ​បែ​ចិញ្ចឹម​ត្រី ដែលមាន​ត្រី​គឺ​តម្រូវឱ្យ​នាំយកមក​ប្រមូលផ្តុំ​តែមួយ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដោយ​រងចាំ​អនុវត្ត​វិធាន​ការបន្ត ដោយឡែក​ចំពោះ​បែ​ចិញ្ចឹម​ត្រី​ដែល​គ្មាន​ត្រី​ចិញ្ចឹម​ត្រូវ​រុះរើ​ចោល។

បើ​យោងតាម​របាយការណ៍​ឱ្យដឹងថា រយៈពេល០៣ថ្ងៃ​នៃ​ការអនុវត្ត​វិធានការ​រុះរើ​គឺ​ថ្ងៃទី១២,១៣និង​ថ្ងៃទី១៤ ខែមិថុនា មាន​បែ​ចិញ្ចឹម​ត្រី៧៦៣បែ​ត្រូវបាន​រុះរើ ចំណែក​ផ្ទះ​បណ្តែត​ទឹក៦២៨ខ្នង​ក៏ត្រូវ​បាន​រុះរើ​ផងដែរ។

សូមបញ្ជាក់ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយ​ប្រកាស​ចំពោះ​អ្នករស់នៅ​និង​ប្រកប​បរប​រលើ​ផ្ទៃ​ទឹកទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​រុះរើ​រឺ​ចល័ត​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី​និង​សំណង់​មិន​រៀបរយ​ឱ្យអស់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ទុក​រយៈពេល០៧ថ្ងៃ។

ក្នុងអំឡុងពេល​នៃ​ការចុះអនុវត្ត​ឱ្យ​រុះរើ​នោះ​ផង​ទៀត​គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​រឺ​បាត់​ណាមួយ​នោះឡើយ ហើយ​ក្នុងករណី​រឹងរូស អាជ្ញាធរ​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕ រូបភាព៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ៕

#អរគុណសន្តិភាព