ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព​គ្រោង​អភិវឌ្ឍ​កោះទន្សាយ​នៅ​ខេត្ត​កែប​ទៅជា​តំបន់​លម្ហែកាយ

កែប៖ ក្រុមហ៊ុន ទ្រី ភាព គ្រោង​អភិវឌ្ឍ​កោះទន្សាយ​ស្ថិតនៅ​ខេត្ត​កែប​ទៅជា​តំបន់​រមណីយដ្ឋាន​បែប​លំហែរ​កាយ លំនៅដ្ឋាន ភោជនីយដ្ឋាន ក៏ដូចជា​សេវាកម្ម​ចាំបាច់​ជាច្រើន​ទៀត ដើម្បី​បំរើ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។ នេះ បើតាម​ការ​ឱ្យដឹងពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប កាលពីពេលថ្មីៗនេះ។

ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា  ក្រុមហ៊ុន​ទ្រី​ភាព​បានដាក់​សំណើរ​មក​កាន់​រដ្ឋបាលខេត្ត​កាលពីពេលថ្មីៗនេះ ដើម្បី​អភិ​វ​ឌ្ឈ​កោះ​នេះ​នាពេល​ខាងមុខនេះ។

បើតាម ឯកឧត្តម សោម ពិសិដ្ឋ គម្រោង​អភិវឌ្ឍន៍​កោះទន្សាយ​នេះ​ផ្អែកលើ​គោលការណ៍​របស់​រដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​គឺ​ឈរលើ​ផលចំណេញ​សម្រាប់​វិស័យ​ឯកជន រដ្ឋាភិបាល និង​ផលប្រយោជន៍​សាធារណៈ។

កោះទន្សាយ​ជា​កោះ​ដ៏​ល្បីឈ្មោះ​មួយ​ប្រចាំខេត្ត​កែប ក្នុងចំណោម​កោះ​ផ្សេងទៀត ដោយ​កោះ​នេះ​មាន​ឆ្នេរ​ខ្សាច់ ដើម​ដូង ព្រៃឈើ​ដ៏​ស្រស់ស្អាត និង​ខៀវស្រងាត់។ កោះ​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន ទៅ​សំរាកលំហែរ​នាពេល​កន្លងមក។

កោះទន្សាយ មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​អាគ្នេយ៍ នៃ​ទី​ក្រុងកែប មាន​ចម្ងាយ៤,៥គីឡូម៉ែត្រ​ពី​ទីក្រុង​នេះ។ នៅ​តំបន​នេះ​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ ដ៏​ល្អ​ប្រណិត​របស់​ទីក្រុង ដែលមាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរ​ខ្សាច់​ចំនួន២កន្លែង ដែលមាន​វាល​ខ្សាច់​ស​ពី​ធម្មជាតិ អាច​ធ្វើជា​កន្លែង​សំរាប់​ងូត​សមុទ្រ​កម្សាន្ត​សប្បាយ​បាន៕

#អរគុណសន្តិភាព