ផ្សោតនៅអន្លង់ឈើទាល ប្រឈមនឹងការផុតពូជដោយចៀសមិនរួច

ស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ មានសត្វផ្សោតមួយក្បាល ដែលមានអត្តសញ្ញាណលេខ៣៨ បានស្លាប់ នៅអន្លង់ឈើទាល នៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ ផ្សោតនេះមានទម្ងន់សរុប ១៨០គីឡូក្រាម មានប្រវែង ២,៣ម៉ែត្រ ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹក និងបាក់អស់ហើយ) ហើយការស្លាប់របស់សត្វផ្សោតនេះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីវ័យចាស់ជរា។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ផៃ សុម៉ានី បានបញ្ជាក់បន្ថែមថា ៖ “ ផ្សោតនៅនៅអន្លង់ឈើទាលនៃទន្លេ ក្នុងភូមិអូរស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាប់នឹងខេត្តចំប៉ាសាក់នៃប្រទេសឡាវ ប្រឈមនឹងការផុតពូជក្នុងពេលដ៏ខ្លីខាងមុខនេះដោយចៀសមិនរួច ព្រោះថាពេលនេះនៅតំបន់នោះ មានផ្សោតតែមួយក្បាលប៉ុណ្ណោះដែលនៅសេសសល់ចុងក្រោយ ដូច្នេះវានឹងពុំអាចបន្តពូជបាននោះទេ។ ខ្ញុំហ៊ានសន្និដ្ឋានដូច្នេះព្រោះថាកាលពីទសវត្សរ៍ឆ្នាំ១៩៩០ សត្វផ្សោតនៅអន្លង់ឈើទាលមានចំនួនសរុបរហូតដល់ ២៥ក្បាលឯណោះ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ០៨ក្បាល ក្នុងឆ្នាំ២០០៨ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០៦ក្បាល ក្នុងឆ្នាំ២០១២ និង០៣ក្បាល ក្នុងឆ្នាំ២០១៩ ហើយចុងក្រោយនេះនៅសល់ត្រឹមតែ ០២ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។ អាស្រ័យដោយសត្វផ្សោត០១ក្បាល បានស្លាប់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ទៀតនោះ ចំនួនសរុបនៃសត្វផ្សោតនៅអន្លង់ឈើទាល នាពេលបច្ចុប្បន្ននេះមានតែមួយក្បាលប៉ុណ្ណោះ”។

ភាគច្រើននៃការស្លាប់របស់សត្វផ្សោតនៅអន្លង់ឈើទាល បង្កឡើងដោយការនេសាទដោយប្រើឧបករណ៍មង និងការនេសាទខុសច្បាប់ (គ្រឿងឆក់ គ្រាប់បែកសិប្បនិមិត្ត និងនុយដែលមានសារធាតុគីមីពុល) ដែលបង្កឡើងដោយអ្នកនេសាទជនជាតិឡាវ។ ក្រៅពីនេះ ការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុង ដែលមានទីតាំងចម្ងាយតែ១,៥គីឡូម៉ែត្រពីព្រំប្រទល់នៃខេត្តស្ទឹងត្រែង បាននិងកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ទីជម្រកដែលជាអន្លង់ទឹកជ្រៅ និងជីវចម្រុះជលផល ពិសេសសត្វផ្សោតផងដែរ។ ហើយបើថ្ងៃមុខ ផ្សោតដែលនៅសេសសល់មួយចុងក្រោយនេះស្លាប់ទៀតមែននោះ យើងសន្មតថាមានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលនៅមានផ្សោត ខណៈប្រទេសឡាវនឹងត្រូវដាច់ពូជ។

លោក ផៃ សុម៉ានី ក៏បានសម្តែងនូវការសោកស្តាយផងដែរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ផ្សោតនៅអន្លង់ឈើទាលនេះ ព្រោះថាក្រុមការងារអភិរក្ស នៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនៃមន្ទីរកសិកម្ម រដ្ឋបាលខេត្ត ដែលមានឆ្មាំទន្លេសរុបចំនួន០៧ កំពុងប្រចាំការនៅអន្លង់ឈើទាលនេះ បានខិតខំការពារ និងអភិរក្ស ផ្សោតដែលនៅសល់នៅតំបន់នេះ ប៉ុន្តែការងារទាំងនេះ ខ្វះការសហការពីខាងភាគីឡាវ ទើបធ្វើឱ្យចំនួនផ្សោតបន្តថយចុះជាលំដាប់ និងប្រឈមនឹងការដាច់ពូជ។ លោកបានបន្ថែមថា ផ្សោតតែងតែចរាចរចុះឡើងនៅតំបន់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ដោយឡែកប៉ែកខាងកម្ពុជា គឺមានក្រុមការងារអភិរក្ស និងក្រុមឆ្មាំទន្លេការពារបានយ៉ាងល្អ ដោយផ្សព្វផ្សាយពីច្បាប់ និងការហាមឃាត់ការដាក់មង នូវតំបន់ចរាចររបស់ផ្សោត។

ជាទូទៅសត្វផ្សោត (Irrawaddy Dolphin) នៃទន្លេមេគង្គ ដែលប្រជាជនមូលដ្ឋានហៅថា ផ្សោតទន្លេមេគង្គ ត្រូវបានបែងចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា គឺក្រុមដែលរស់នៅតាមដងទន្លេក្នុងប្រទេសកម្ពុជាយើង និងក្រុមដែលរស់នៅអន្លង់ឈើទាលនៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ ហើយបើផ្អែកតាម លទ្ធផលនៃការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៧ ដោយប្រើវិធីសាស្ត្រថតរូប ក្រុមស្រាវជ្រាវមិនបានឃើញសត្វផ្សោតមួយក្បាលណា នៃក្រុមផ្សោតនៅអន្លង់ឈើទាលមក រួមរស់ជាមួយក្រុមផ្សោតនៅប្រទេសកម្ពុជាយើងឡើយ។

នៅក្នុងឆ្នាំ២០២០ ចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតដោយប្រើវិធីសាស្ត្រវិទ្យាសាស្ត្រគឺ ៨៩ក្បាល ក្នុងកម្រិតជឿជាក់ ៩៥% ប៉ុន្តែចំនួននេះ គឺមិនបានរាប់បញ្ចូលផ្សោតចំនួន ២៥ក្បាល ដែលបាត់ដាន ដែលសត្វផ្សោតចំនួន២៥ក្បាលនេះ ធ្លាប់បានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ កន្លងមក។ អាស្រ័យដោយការសិក្សាអង្កេតលើចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតផ្តោតតែតាមជ្រលងមេ នៃទន្លេមេគង្គ ក្រុមសិក្សាស្រាវជ្រាវ បានសន្និដ្ឋានថា សត្វផ្សោតដែលបាត់ដានដែលមិនបានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ២០២០ អាចបំលាស់ទីទៅជ្រលងទន្លេផ្សេងទៀតនៃទន្លេមេគង្គ (ទន្លេមេគង្គមានជ្រលងទន្លេច្រើនក្រៅពីជ្រលងមេ)។

លទ្ធផលនៃការចុះត្រួតពិនិត្យសត្វផ្សោតប្រចាំខែក្នុងឆ្នាំ២០២១នេះ បង្ហាញឱ្យដឹងថា សត្វផ្សោតមួយចំនួន នៃសត្វផ្សោតដែលបានបាត់ដានទាំង២៥ក្បាលនោះ ត្រូវបានប្រទះឃើញឡើងវិញនៅតាមជ្រលងមេ ក្នុងនោះផងដែរ ក៏មានការកត់ត្រានូវកូនផ្សោត ដែលបានកើតថ្មី ចំនួន ០៤ក្បាលផងដែរ គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ខណៈករណីផ្សោតស្លាប់វិញក្នុងកម្រិតប្រហាក់ប្រហែលគ្នានឹងផ្សោតកើតថ្មី។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ ជាទូទៅ ផ្សោតត្រូវបានដាក់ឈ្មោះ និងមានលេខកូដរបស់វា ទៅតាមព្រុយខ្នង ដែលព្រុយខ្នងនេះមានភាពខុសប្លែកពីគ្នានៅតាមអន្លង់ដែលពួកវារស់នៅ។ លោកបានពន្យល់បន្ថែមថា ព្រុយខ្នងនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់ ដើម្បីកំណត់ចំនួនផ្សោត ឧទាហរណ៍ថាផ្សោតនេះមានព្រុយខ្នងបែបនេះ ត្រូវមានឈ្មោះនេះជាដើម។ល។ ហើយការរាប់ចំនួនផ្សោត គឺរាប់តែចំនួនជំទង់ និងមេពូជប៉ុណ្ណោះ។

ផ្សោតទន្លេមេគង្គ មានឈ្មោះវិទ្យាសាស្រ្ត Orcaella brevirostris ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែងប្រឈមនឹងការផុតពូជ និងត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)៕

#អរគុណសន្តិភាព