ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី អញ្ជើញ​ទទួល​នូវ​គ្រឿងឧបភោគ បរិភោគ ពី​ព្រះ​មេគុណ​គណៈធម្មយុត្តិកនិកាយ ខេត្ត

មណ្ឌលគិរី៖ លោក សាយ ម៉េង​គីម អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ លោក នាង វណ្ណៈ នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត នា​រសៀល​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បាន​អញ្ជើញ​ទទួល​នូវ​គ្រឿងឧបភោគ បរិភោគ នៅ​វត្ត​ព្រះពុទ្ធ​មណ្ឌលគិរី​តាមរយះ ព្រះ​ញាណ​រង្សី ឈិន ហន ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​គិរី​មណ្ឌល​មេធា ព្រះ​មេគុណ​គណៈធម្មយុត្តិកនិកាយ ខេត្តមណ្ឌលគិរី ព្រមទាំង​មន្ត្រី​សង្ឃ​គណៈ​ធម្មយុត្តិ​ទូទាំង​ខេត្តមណ្ឌលគិរី បាន​ឧបត្ថម្ភ​ដល់​រដ្ឋបាល​មណ្ឌលគិរី ក្នុង​កំឡុង​កូ​វីដ១៩ ។

នាឱកាស​នោះ លោក សាយ ម៉េង​គីម អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ថ្លែងអំណរគុណ​ដល់   ព្រះ​ញាណ​រង្សី ឈិន ហន ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​គិរី​មណ្ឌល​មេធា ព្រះ​មេគុណ​គណៈធម្មយុត្តិកនិកាយ ខេត្តមណ្ឌលគិរី ព្រមទាំង​មន្ត្រី​សង្ឃ​គណៈ​ធម្មយុត្តិ​ទូទាំង​ខេត្តមណ្ឌលគិរី ដែល​បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​មួយចំនួនទៀត ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា អំណោយ​ទាំងនេះ រដ្ឋបាលខេត្ត​នឹង​យកទៅ​ប្រើប្រាស់ ចាត់វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​កំពុងមាន​តម្រូវការ​ចាំបាច់ សម្រាប់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ដែល​កំពុង​ឈរជើង​នៅតាម​តំបន់​បិទ​ខ្ទប់​មួយចំនួន ក្នុង​ក្រុង​សែន​មនោ​រម្យ បន្ទាប់ពី​រកឃើញ​ករ​ណី​ស្លាប់ ១នាក់ និង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ជាច្រើន​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​សហគមន៍ ២០ កុម្ភៈ។ ម្យ៉ាងទៀត ដើម្បី​ចែកជូន​បងប្អូន​ពលរ​ដ្ឋ​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកមាន​វិ​ជ្ច​មាន​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​សម្រាក់​ព្យាបាល។

នាឱកាស​នោះដែរ ព្រះ​ញាណ​រង្សី ឈិន ហន ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​គិរី​មណ្ឌល​មេធា ព្រះ​មេគុណ​គណៈធម្មយុត្តិកនិកាយ ខេត្តមណ្ឌលគិរី បាន​ប្រសិទ្ធិ​ពរជ័យ​សិរី​សួស្ដី ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​សមាជិក សមាជិកា រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់លំដាប់​ថ្នាក់  ព្រមទាំង​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា សូមឱ្យ​មាន​សុខ​ភាពល្អ ឈ្នះ​អស់​មារ​សត្រូវ មានជ័យ​ជំនះ​គ្រប់​ភារកិច្ច និង​សមប្រកប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ៖ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​ជៀស​ផុតពី​ជំងឺ​កូ​វីដ១៩ ទាំងអស់គ្នា៕

#អរគុណសន្តិភាព