រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ទទួល​អំណោយ​ជា​ថវិកា និង​អង្ករ​ពី​ក្រុមហ៊ុន​ឯកជន​ចំនួន២ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​ជំងឺ​កូ​វីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុន​ឯកជន​ចំនួន២ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន ស៊ុ​មី (ខេ​ម​បូ​ឌា) វ៉ា​យ​រីង ស៊ី​ស្ទី​ម ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (ខេ​ម​បូ​ឌា) ឡាយ​ហ្វ៍ អី​សួ​រ៉ិ​នស៍ ភីអិលស៊ី បាន​ឧបត្ថម​ថវិកា មួយចំនួន និង​អង្ករ​ចំនួន ៧តោន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជំងឺ​កូ​វីដ-១៩ ។

ពិធី​ប្រគល់​និង​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ទាំង២ខាងលើនេះ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រោម​វត្តមាន​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ។

ឯកឧត្តម ឃួ​ង ស្រេង  បាន​មានប្រសាសន៍ថា ៖ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ស៊ុ​មី (ខេ​ម​បូ​ឌា) វ៉ា​យ​រីង ស៊ី​ស្ទី​ម ខូ​អិ​ល​ធី​ឌី ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (ខេ​ម​បូ​ឌា) ឡាយ​ហ្វ៍ អី​សួ​រ៉ិ​នស៍ ភីអិលស៊ី បាន​ឧបត្ថម​អង្ករ ចំនួន ៧តោន ជូន​រដ្ឋបាល​រាជធានី ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង១៤ និង​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​រងគ្រោះ ឬ​រង​ផល ប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ-១៩ ។

ឯកឧត្តម​អភិបាល​បាន​បន្តថា ៖តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ពី​សំណាក់​ក្រុមហ៊ុន​ទាំង២ ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិត និង​ក្ដី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ-១៩៕

#អរគុណសន្តិភាព