ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ ស្នើ​ឲ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បន្ត​ជម្រុញ​កិច្ចសហប្រតិបត្តិការ ដើម្បី​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់

ភ្នំពេញ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​បានស្នើ​ឲ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បន្ត​ជម្រុញ​កិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណា​បំពេញបែបបទ ដើម្បី​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់។

ឯកឧត្តម គៀត ច័ន្ទ​រិ​ទ្ធិ បានស្នើ យ៉ាង​ដូច្នេះ នៅក្នុង​ទទួល​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ  ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Vu Quang Minh កាលពី​ម្សិលមិញ​នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម  ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​អន្តោប្រវេសន៍ បាន​ជម្រាបជូន​ថា​នឹងធ្វើ​ការសម្របសម្រួល​ប​ន្ថែ​ម​ទៀត លើ​ការងារ​ផ្សព្វផ្សាយ​បទបញ្ញត្តិ ស្តីពី​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ សម្រាប់​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​រាជធានី ខេត្ត ដើម្បី​ឲ្យ​មានការ​យល់ដឹង និង​អនុវត្ត​ត្រឹមត្រូវ​ឈរលើ​មូលដ្ឋាន​ច្បាប់។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​បញ្ជាក់ដែរថា កិច្ចប្រតិបត្តិការ​ការ​ងារ​គ្រប់គ្រង​ជនបរទេស និង​ការអនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា គឺមាន​មិនដែល​មានការ​រើសអើង​ឡើយ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត Vu Quang Minh បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លើ​ការងារ​គ្រប់គ្រង​ជនបរទេស ជាពិសេស​ប្រជាជន​វៀតណាម ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ក្នុងនោះ​រួមមានៈ ការងារ​ជំរឿន​ស្ថិតិ​ជនបរទេស, ការទទួល​ពាក្យស្នើសុំ និង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​វៀតណាម​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ ។

ជាការ​ឆ្លើយតប ឆ្លៀត​នាឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​បញ្ជាការដ្ឋាន​កង​ទ័ព​ការពារ​ព្រំដែន​វៀតណាម ដែល​បាន​ផ្តល់ជំនួយ​ជា​សម្ភារ:ទប់ស្កាត់​ជម្ងឺ Covid-19 ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​នគរបាល​វៀតណាម ដែល​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អន្តោប្រវេសន៍ ដល់​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍​កម្ពុជា នាពេល​កន្លងមក ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ៕

#អរគុណសន្តិភាព