រដ្ឋសភា​នឹង​ប្រជុំ​ពេញអង្គ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ប្រធាន​ថ្មី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​សប្តាហ៍​នេះ

ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា តាម​ប្រព័ន្ធ​វីដេអូ ដោយនៅ​ក្នុងនោះ កិច្ចប្រជុំ​បានអនុម័ត​កំណត់​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី៦ នីតិកាល​ទី៦ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បី​បោះឆ្នោត​ទុកចិត្ត ប្រធាន​ថ្មី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ក្រៅពីនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​របៀបវារៈ​មួយចំនួនទៀត សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី៦ នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃទី២៤ មិថុនា​ខាងមុខ រួមមាន ព្រះរាជសារ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី៦ នីតិកាល​ទី។ របាយការណ៍​សង្ខេប​ស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ និង​លើក​ទី៦ នីតិកាល​ទី។ ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៃ​រដ្ឋសភា នីតិកាល​ទី៦ ចំនួន​ពីររូប ជំនួស​សមាជិក​ដែល​បាន​លាលែង ដែលមាន​ឯកឧត្តម ខឹម ច័ន្ទ​គី​រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែល​បាន​សុំលាលែង និង​ឯកឧត្តម ម៉ែន កួន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែល​បាន​សុំលាលែង និង​ការបោះឆ្នោត​ជ្រើសតាំង លោកជំទាវ ពៅ សុភាព ជា​សមាជិក​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា។

ចំណែក​សេចក្តីព្រាងច្បាប់​ដែល​នឹង​លើក​យកមក​ពិភាក្សា​និង​អនុម័ត​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា លើក​ទី៦ នីតិកាល​ទី៦ នោះ​រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពី​ខេត្តបាត់ដំបង ទៅកាន់​ព្រំដែន​កម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅកាន់​ព្រំដែន​កម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អគ្គិសនី​វៀតណាម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម។ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆាយ​ណា ណេ​សិ​នណល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព ១៥០មេ​ហ្កា​វ៉ា​ត់ ខេត្តកោះកុង។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី៦ នីតិកាល​ទី៦ ចំនួន​បី​រូប រួមមាន ឯកឧត្តម អ៊ី ឡុង ឯកឧត្តម នូ ផល្លា និង​ឯកឧត្តម ជ័យ សុន ផងដែរ៕

#អរគុណសន្តិភាព