ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា

កំពង់ចាម៖ ក្នុងជំនួប​សំណេះសំណាល និង​ពិភាក្សា​ការងារ ជាមួយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​អំពី​គោលបំណង​ថា ដំណើរ​ទស្សនកិច្ច របស់​ពួកគាត់ ដើម្បី​ស្វែងយល់​អំពី​ការងារ​គ្រប់គ្រង និង​ការទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជម្ងឺ​កូ​វីដ ១។ ស្វែងយល់​អំពី​សក្តានុពល និង​ការងារ​អភិវឌ្ឍន៍ នៅក្នុង​ខេត្តកំពង់ចាម។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានផ្តល់​ថវិកា​មួយផ្នែក ដល់​យន្តការ​កូ​វ៉ា​ក់។ តាមរយៈ យន្តការ​នេះ កម្ពុជា ក៏បាន​ទទួល​នូវ​វ៉ាក់សាំង សម្រាប់​បង្ការ​ជម្ងឺ​កូ​វីដ-១៩ ផងដែរ។

ក្រៅ​អំពី​ការ​ជម្រាបជូន​អំពី​សក្តានុពល របស់​ខេត្តកំពង់ចាម ទៅដល់​ភ្ញៀវ ឯកឧត្ដម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា ទាក់ទង​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ខេត្ត យើង​បានរួម​សហការគ្នា ជាមួយ​អ្នកពាក់ព័ន្ធ ក៏ដូចជា វិស័យ​ឯកជន។ យ៉ាងណា​ម៉ិ​ញ អនុវត្តតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ២០២០មក យើង​មាន​បញ្ហា​ការ​គម្រាមកំហែង​ដោយសារ​ជម្ងឺ​កូ​វីដ ១៩ ជា​បន្តបន្ទាប់។ ជាក់ស្ដែង ក្នុងដំណាក់កាល​ចុងក្រោយ​នេះ ជាពិសេស ចាប់តាំងពី​ព្រឹត្តិការណ៍ ២០កុម្ភៈ មក គឺ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ មានការ​ឆ្លង​រាលដាល​នៅក្នុង​ខេត្តកំពង់ចាម​កាន់តែខ្លាំង​ឡើង ដោយសារតែ ខេត្តកំពង់ចាម​យើង មាន​កម្មករ​រោងចក្រ ក៏ដូចជា ប្រជាពលរដ្ឋ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេសផ្សេងៗ ហើយ​បាន​វិល​មក​ស្រុកកំណើត​វិញ។ ឆ្លើយតប​ទៅនឹង​បញ្ហា​កូ​វីដ ១៩ នាពេល​កន្លងមក ក៏ដូចជា នាពេល​បច្ចុប្បន្ន នេះដែរ អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ តែង​បាន​សហការ ជាមួយ​អ្នកពាក់ព័ន្ធ ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​សង្ស័យ និង​ពាក់ព័ន្ធ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ និង​នាំយកទៅ​ព្យាបាល​បាន​ទាន់ពេលវេលា។ ជាមួយគ្នានេះ អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ត្រូវបាន​នាំយកមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល ត្រូវដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះរៀងៗខ្លួន។ ក្រៅពីនោះ យើង​បានធ្វើការ​ពង្រឹងគុណភាព នៃ​ការព្យាបាល ដោយបាន​កែប្រែ​អតីត​សណ្ឋាគារ​មេគង្គ ទៅជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ជម្ងឺ​កូ​វីដ ១៩ កម្រិតធ្ងន់ និង​បានរៀបចំ​កន្លែង សម្រាប់​ព្យាបាល​កម្រិត​ស្រាល នៅ​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម។

ទន្ទឹម​ជាមួយ​នោះ អាជ្ញាធរ ក៏បាន​យកចិត្តទុកដាក់​ផងដែរ ទៅលើ​ជីវភាព អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ទាំង​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ ដោយ​ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ឧបត្ថម្ភ​អាហារ ៣ពេល ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល។ ក្រៅពីនោះ ក៏បាន​ការឧបត្ថម្ភ ជា​គ្រឿង​ឧបភោគបរិភោគ ដល់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ​ផងដែរ។ យ៉ាងណា​ម៉ិ​ញ  គិត​មកដល់​បច្ចុប្បន្ន​នេះ យើង​បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ពួកគាត់ បាន​ប្រមាណ ៥.០០០គ្រួសារ រួចមកហើយ។ មួយផ្នែក​ទៀត អាជ្ញាធរ ក៏បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍ អំពី​វិធាន​ការពារ​ការឆ្លង​រីក​រាល នៃ​ជម្ងឺ​កូ​វីដ-១៩ និង​ការបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ជៀសវាង​ការធ្វើដំណើរ ទៅកាន់​ទីតាំង ដែល​មិនចាំបាច់..។ល។ ដោយឡែក នាបច្ចុប្បន្ន រដ្ឋបាលខេត្ត បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី បិទ​ខ្ទប់​ទីតាំង​ដែលមាន​បញ្ហា​ប្រឈម​ខ្លាំង ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជម្ងឺ​កូ​វីដ មួយ​នេះ  ផងដែរ។

នាឱកាស​នោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដែល​បានអនុញ្ញាត ឱ្យ​ឯកឧត្តម បាន​ជួបពិភាក្សា​ការងារ នាឱកាស​នេះ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏មាន​ចំណាប់​អា​ម្មរណ៍​តំបន់រ​ម្មណី​ដ្ឋា​ន​ទេសចរណ៍ របស់​ខេត្ត និង​សក្តានុពល ដែលជា​ទីកន្លែង​គួរឱ្យ​ទាក់ទាញ​នូវ​ឱកាស​វិនិយោគ​នានា ផងដែរ៕

#អរគុណសន្តិភាព