រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំឆមាស​ទី១ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ២០២១ របស់​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

កំពង់ឆ្នាំង៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំឆមាស​ទី១ និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ២០២១ ក្រោម​អធិបតីភាព​លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ.ខ.ប.ជ ខេត្តកំពង់ឆ្នាំង នៅ​សាលប្រជុំ “ខ ៣” សាលាខេត្ត​កំពង់ឆ្នាំង នា​ថៃ្ង​ចន្ទ​ទី២១ ខែមិថុនា ឆ្នាំ២០២១ ។ ដោយមាន​ការចូលរួម​ពី​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត សមាជិក សមាជិការ​លេខាធិការ​ដ្ឋា​ន គ.ខ.ប.ជ មន្ទីរ អង្គភាព​ពាក់ព័ន្ធ លោកស្រី អភិបាលរងក្រុង ស្រុក។

បន្ទាប់ពី​ស្ដាប់​របាយការណ៍​របស់​អង្គប្រជុំ​រួចមក លោកជំទាវ ប៊​ន សុ​ភី ប្រធាន​អង្គប្រជុំ​មានប្រសាសន៍ថា ដើម្បី​ទទួលបាន​ភាពជោគជ័យ និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​សម្រេច​នូវ​ភារកិច្ច និង​ផែនការថ្មីៗ ដែល​គណៈកម្មាធិការ​បា​ន​ប្រគល់ជូន សមាជិក សមាជិកា ទាំងអស់​ត្រូវ​មានការ​សហការគ្នា​ឱ្យ​ខ្លាំង​ជាង​នេះ​បន្តទៀត ជាពិសេស សហការ​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជា​អ្នករស់នៅ​ជិត​ប្រជាពលរដ្ឋ​ជាប្រចាំ ងាយស្រួល​ដោះស្រាយ​ពេល​ជួប​បញ្ហាផ្សេងៗ ក្នុងនោះ​ត្រូវ​រាយការណ៍ និង​រៀបចំ​របាយការណ៍​ឱ្យបាន​រៀងរាល់ខែ​ដើម្បី​ក្រុមការងារ​លេខាធិការដ្ឋាន​បូកសរុប​ជូន​គណៈកម្មាធិការ។

លោកជំទាវ បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ដល់​ក្រុមការងារ​ធ្វើយ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ​យល់​កាន់តែច្បាស់​ពី​ផលប៉ះពាល់​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន បណ្តុះ​ការស្រលាញ់​ការងារ​ដាំ​ដំណាំ កសិកម្ម​នៅ​មូលដ្ឋាន វិញ។ ចូលរួម​ទប់ស្កាត់ មិន​ចូលរួម​ក្នុង​ចលនា​បាស់បោរ​ខុសច្បាប់ និង​រាយការណ៍​ជាបន្ទាន់​ចំពោះ មេខ្យល់​អូសទាញ តាម​គ្រប់​រូបភាព ព្រមទាំង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ថែរក្សា​កូនចៅ ជៀសវាង​ការរំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រី​កុមារ និង​ការពារ​ខ្លួន​ពី​ជំងឺផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីដ-១៩ ដែល​កំពុង​រីក​រាលដាល​ទូទាំង​សកលលោក ត្រូវតែ​ប្រុងប្រយ័ត្ន និង​អនុវត្តតាម​វិធានការ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​គោល​កាណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប្រចាំ៕

#អរគុណសន្តិភាព