ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការគាំទ្ររបស់ក្រុមគ្រួសារ គឺជាកត្តាមួយដែលមិនអាចខ្វះបាន នៅពីក្រោយភាពជោគជ័យ ក្នុងការសិក្សារបស់និស្សិតគ្រប់រូប

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈវីដេអូឃ្លីបមួយដែលបង្ហោះលើ Facebook ផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ការគាំទ្ររបស់ក្រុមគ្រួសារ គឺជាកត្តាមួយដែលមិនអាចខ្វះបាន នៅពីក្រោយភាពជោគជ័យ ក្នុងការសិក្សារបស់និស្សិតគ្រប់រូប។

ថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ការសិក្សា គឺជាគ្រាន់តែជាផ្នែកមួយនៃជីវិត ហើយការបញ្ចប់ការសិក្សាមួយជំហាន ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ គឺផ្តល់ឲ្យនិស្សិត នូវគុណវុឌ្ឍិមួយបន្ថែមទៀត សម្រាប់កសាងអនាគត។ ខ្ញុំក៏សុំអបអរសាទរចំពោះក្រុមគ្រួសារ ដែលផ្តល់ការគាំទ្របង្កលក្ខណៈឲ្យនិស្សិតបានរៀន ហើយទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា ដែលនេះជាមោទនភាពណាស់ មិនមែនតែមោទនភាពសម្រាប់ខ្លួនទេ គឺសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ»

ឯកឧត្តមបន្ថែមថា «ខ្ញុំជឿជាក់ថា ឪពុកម្តាយរបស់យើងគាត់ពិតជាសប្បាយ ពីកូនទទួលបានសញ្ញាបត្រ ព្រោះគាត់គិតតាំងពីកូនទើបនឹងកើត តាំងពីប្រទេសយើងនៅក្រលំបាក ខំតស៊ូឲ្យកូនបានចូលរៀន ហើយកូនក៏ខំតស៊ូរហូតដល់រៀនចប់ទទួលបានសញ្ញាបត្រ ដែលមានរយៈពេលជិត២០ឆ្នាំ ដែលនេះជាមោទនភាពមួយធំណាស់សម្រាប់គ្រួសារ និងប្រទេសជាតិយើង។ ប្រទេសជាតិមានសុខសន្តិភាព និងបន្តឱកាសច្រើនថែមទៀត សម្រាប់កូនចៅយើងជំនាន់ក្រោយៗ»