ខ្នងផ្ទះទី២៣៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវ​បាន​ប្រគល់​ជូន​គ្រួសារអតីត​យុទ្ធ​ជនពលី នៅ​ឃុំ​ប្រឡាយ

នៅរសៀលថ្ងៃអង្គារ ១២កើតខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ​ទៅប្រគល់ផ្ទះថ្មី១ខ្នង គឺខ្នងផ្ទះទី២៣៧ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ តាម​រយៈ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ​នាយ​ឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោក​ស្រី ឈិន ទី អាយុ៥៥ឆ្នាំជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៤នាក់ ត្រូវជាភរិយាសពលោកពលបាលឯក អាំង វៀន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៦ យោធាខេត្តកំពង់ធំ ហើយបានពលីជីវិតនៅឆ្នាំ១៩៩១ នៅសមរភូមិអូរពោធិ៍ ខេត្ត​ព្រះវិហារ។

ដោយមើលឃើញពីជីវភាពរស់នៅ របស់គាត់មានការលំបាកខ្វះខាត ទើបគណៈកម្មាធិការសមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ​ សុំការសម្រេចសាង​សង់​ផ្ទះជូនគាត់នៅពេលនេះ ​ជាខ្នងផ្ទះទី២៣៧ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​សែន​ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ​។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន និង​ប្រជាពលរដ្ឋ​ទាំង​អស់ ​ត្រូវ​ខិតខំ​ថែរក្សា​សុខភាព ​និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ។​ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករ៥០គីឡូក្រាម,មី២កេស, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ, និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកស្រី ឈិន ទី គ្រួសារអតីតយុទ្ធជនពលី និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ​និង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន​ សែន​ លុះ​អវសាន្តជីវិត​៕

Previous Article
Next Article