សម្ដេចតេជោ ហ៊ុន សែន នឹងដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនគ្រួសារក្រីក្រ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ, ការអនុវត្តនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីគ្រោងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយមិនគិតថ្លៃ ហើយបូកបន្ថែមជាមួយនឹងការផ្ដល់ប្រាក់ឧបត្ថម្ភ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាការពិតសម្ដេចចង់អនុវត្តកម្មវិធីនេះនៅក្នុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែដោយសារមិនមានកញ្ចប់ថវិកា ខណៈការអនុម័តថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣នេះ បានធ្វើរួចទៅហើយ ដូច្នេះកម្មវិធីនេះ អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ សម្ដេចគូសបញ្ជាក់ថា ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានប្រមាណ១.៥លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែដាក់ឲ្យរៀបចំដាក់ឲ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័តថវិការួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមាន១លាន៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»