សម្ដេចតេជោ ហ៊ុន សែន៖ ការជំរុញទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺដើម្បីកាត់បន្ថយអំពើពុករលួយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជុំវិញការបើកបៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដែលអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធ និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាដើម។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងកុំភ្លេចដំណាក់កាលកូវីដ១៩ ជាដំណាក់កាលលោតផ្លោះនៃបញ្ហាឌីជីថល នៅកម្ពុជា រឿងនេះយើងត្រូវមើលឃើញ អីឡូវហ្នឹង គេចាប់ផ្តើមទូទាត់ទំនិញគ្នាតាមរយៈទូរស័ព្ទតើស មិនមែនតាមរយៈតាមលុយម្តង១រៀលឯណា… បើកប្រាក់ខែរដ្ឋតាមធនាគារ អាហ្នឹងជាវិធីដើម្បីដោះស្រាយបញ្ហា ហើយពន្លឿន និងប្រើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង ប្រើបច្ចេកវិទ្យាដើម្បីប្រឆាំងអំពើពុករលួយ […] បើកសុទ្ធឯណាសុវត្ថិភាពនៃការដឹកលុយៗ ត្រូវដឹកទៅតាមរតនាគារទាំងអស់ រួចបញ្ចេញទៅតាមរតនាគេ ត្រូវអ្នកពីអង្គភាព ឧទាហរណ៍អង្គភាពកងទ័ព ឬស្ថាប័នណាមួយ ត្រូវបើកលុយចេញពីធនាគារ យកទៅចែករាប់ រាប់ៗកាត់ក្បាលលុយ អាហ្នឹងមួយទៅ មួយទៀតបង្កើតមន្ត្រីខ្មោច ឬទាហានខ្មោចមិនមែនមានអីឡូវទេ ជំនាន់ លន់ នល់ ច្រើនជាងគេ»

Previous Article
Next Article