សម្តេច​តេជោ ហ៊ុន សែន ទើប​ទទួល​បាន​រូបថត​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣ ក្នុង​ខេត្ត​កំពង់ចាម ពី​កូនស្រី​រដ្ឋមន្ត្រី ភឿង សកុណា ដែល​ដេញថ្លៃ​បាន​នៅ​បារាំង

ម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈ​ឆា​ណែល Telegram បាន​បង្ហោះ​រូបថត ដែល​សម្តេច​ទើប​ទទួល​បាន​ពី​កូនស្រី​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ចូលរួម​ពិធី​មង្គលការ​នៅ​ព្រឹក​ថ្ងៃទី៤ ខែកក្កដា​នេះ​។

សម្តេច​តេជោ​បញ្ជាក់​ថា រូបថត​ដែល​សម្តេច​ទើប​ទទួល​បាន​ពី​កូនស្រី​របស់​លោកស្រី ភឿង សកុណា គឺ​ថត​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មាន​រយៈពេល៣០ឆ្នាំ​គត់ ក្នុង​ពេល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ចាម​។

រូបថត​នេះ​ក៏​កម្រ​នេះ កូនស្រី​របស់​លោកស្រី ភឿង សកុណា គឺ​អ្នកស្រី ឆេង និ​ព័ន្ធ ដាក់ដេញថ្លៃ​បាន​នៅ​ប្រទេស​បារាំង​។

សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត អម​ដោយ​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា «ព្រឹកមិញ ខ្ញុំ​បាន​ទៅ​ចូលរួម​រៀបការ​កូនស្រី​លោកជំទាវ​រដ្ឋមន្ត្រី ភឿង សកុណា ដែល​នៅ​ទីនោះ​ខ្ញុំ​បាន​ទទួល​រូបថត​មួយ​សន្លឹក ដែល​ខ្ញុំ​មិនដែល​បានឃើញ​។ រូបថត​នេះ ត្រូវ​បាន​ថត​ដោយ​អ្នកយកព័ត៌មាន​បរទេស​ថត ថ្ងៃ២៤ ឧសភា ១៩៩៣ ពេល​ដែល​ខ្ញុំ និង​ភរិយា​ទៅ​បោះឆ្នោត​នៅ​រួម​ខេត្ត​កំពង់ចាម ដែល​កាល​ពេលនោះ​ការបោះឆ្នោត​រៀបចំ​ដោយ​អ៊ុន​តាក់​។

រូបថត​នេះ ត្រូវ​បាន​ដាក់ដេញថ្លៃ​នៅ​ប្រទេស​បារាំង​ដែល​ក្មួយស្រី ឆេង និ​ព័ន្ធ កូនស្រី​លោកជំទាវ​រដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃ​បាន​និង​យក​មក​ប្រគល់ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​រៀបការ​របស់​នាង​។

ខ្ញុំ និង​ភរិយា​សូម​អរគុណ​ក្មួយស្រី ឆេង និ​ព័ន្ធ និង​ស្វាមី ដែល​បាន​ខិតខំ​ចំណាយ​កម្លាំង និង​ថវិកា​ដេញថ្លៃ​ទិញ យក​រូបថត​ដ៏​កម្រ​នេះ​ប្រគល់ឲ្យ​ខ្ញុំ​។ បើ​គិត​ពីឆ្នាំ១៩៩៣ មកដល់​ឆ្នាំ២០២៣ មាន​រយៈពេល៣០ឆ្នាំ​គត់ ដែល​ពេលនោះ​ខ្ញុំ​មាន​អាយុ៤១ឆ្នាំ ឯ​ភរិយា​ខ្ញុំ​មាន​អាយុ៣៩ឆ្នាំ»៕

Previous Article
Next Article