សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក វ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។

ប្រមុខការទូតចិន លោក វ៉ាង យី ដែលមានវ័យ៦៩ឆ្នាំ បានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ពេលមកដល់កម្ពុជាភ្លាម នៅថ្ងៃម្សិលមិញលោក វ៉ាង យី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

នៅព្រឹកថ្ងៃនេះ មុនអញ្ជើញជួបសម្តេចតេជោ, លោក វ៉ាង យី បានជួបពិក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ នៅព្រឹកនេះ បន្ទាប់ពីជួបសម្តេចតេជោហើយនោះ លោក វ៉ាង យី ក៏នឹងបន្តជួបពិភាក្សាការងារជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

បន្ទាប់ពីជំនួបនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងរៀបចំអាហារថ្ងៃត្រង់ជូនលោក វ៉ាង យី និងគណៈប្រតិភូផងដែរ។

នៅល្ងាចថ្ងៃនេះ មុនចាកចេញពីកម្ពុជា លោក វ៉ាង យី ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំងផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ក្រោយរដ្ឋាភិបាលចិន តែងតាំងជារដ្ឋមន្ត្រីការបរទេសជាថ្មីនេះ ត្រូវបានក្រសួងការបរទេសគូសបញ្ជាក់ថា ជាដំណើរទស្សនកិច្ច ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ចំខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេសដំណើរទស្សនកិច្ចនឹងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលត្រូវបានដាក់ចេញក្នុងដំណើរទស្សនិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំ២០២៣៕