សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវឯកអគ្គរដ្ឋប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សារជាថ្មីម្ដងទៀតបន្ទាប់ពីជួប កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកជំទាវបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវ អំពីបញ្ហាមួយចំនួនជាពិសេស ពីសមាជិកភាព EU និងបញ្ហាជម្លោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនៅពេលនេះ សម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា ដែលសម្ដេច នឹងត្រូវមានទំនាក់ទំនងច្រើនបន្ថែមទៀតជាមួយសមាជិកព្រឹទ្ធសភា នៃប្រទេសតួកគីផងដែរ។

ក្នុងជំនួបនេះ សម្ដេចតេជោក៏បានផ្ដើមផ្ញើតាមរយៈលោកជំទាវអគ្គរដ្ឋតួកគីប្រចាំនៅកម្ពុជា សួរសុខទុក្ខចំពោះឯកឧត្តមប្រធានាធិបតី នៃប្រទេសតួកគីផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវ ឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។

នៅថ្ងៃនេះផងដែរលោកជំទាវបានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិន របស់កម្ពុជាមួយចំនួន។ លោកជំទាវបានបន់ស្រន់ឱ្យអ្នកដែលរករបួសឆាប់បានជាសះស្បើយផងដែរ។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានជាប់ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះបន្ទាប់ពីមានការបើកការិយាល័យពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំហំពាណិជ្ជកម្ម ថ្វីត្បិតតែមានទំហំតូច តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ។

លោកជំទាវក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសលើការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី និងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ក្រោយពីការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងមានការកើនឡើង។

លោកជំទាវក៏បានរៀបរាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះក្នុងការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ហើយនឹងមានទំនាក់ទំនងរីកចម្រើននាពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលកើតឡើងកាលពីចុងសប្តាហ៍នេះ ដែលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។

សម្ដេចតេជោក៏បានអរគុណលោកជំទាវដែលបានអបអរសាទរចំពោះសម្ដេចដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរដល់ប្រធានព្រឹទ្ធសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។

នៅក្នុងជំនួបនេះ ដែរសម្ដេចតេជោក៏បានរៀបរាប់ពីគោលបំណងដែលសម្ដេចសម្រេចធ្វើការផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដែលទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោបានបន្តទៀតថាការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេនក្នុងរយៈពេល៨ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរ មានស្ថេរភាព កំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។

សម្ដេចតេជោប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថានៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ និងផ្ដោតសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងការងារទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ហើយឆ្នាំនេះ​គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីអ្វីមួយដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមកិច្ចប្រជុំសភាអន្តរជាតិ សម្រាប់ភាពអត់ឱន និងសន្តិភាព និងកិច្ចប្រជុំរបស់គណបក្សនយោបាយ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតីនៅក្នុងកិច្ចប្រជុំនោះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។

ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍រវាងសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕