តំណាងប្រធានយុវជនថ្នាក់កណ្តាល កោតសរសើរ និងវាយតម្លៃខ្ពស់លើវគ្គបណ្តុះបណ្តាល «ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News»

ភ្នំពេញ៖ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ថេង ច័ន្ទសង្វារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលស្តីពី«ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News» រៀបចំដោយក្រុមបណ្តុះបណ្តាល ដល់សមាជិកក្រុមជំនួយការគ្រប់ក្រុម នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។

ការថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News» នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) ដែលមានសមាជិកក្រុមជំនួយការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាង ៨០នាក់។

ឯកឧត្តម សេង ផល្លី អនុប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ និងជាប្រធានក្រុមបណ្តុះបណ្តាលបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូនសមាជិកក្រុមជំនួយការលើការបង្កើនការយល់ដឹងវិភាគព្រឹត្តិការណ៍ ,វាយតម្លៃព្រឹត្តិការណ៍ ,យល់ដឹងអំពីប្រភពដំណឹង ,គន្លឹះ នៃដំណឹង និងរបៀបរបបសរសេរព័ត៌មានក្តៅ។

ឯកឧត្តមបន្តថា វគ្គនេះក៏បានពង្រឹងសមត្ថភាពក្រុមជំនួយការ ក្នុងការប្រមូល និងសរសេរព័ត៌មានក្តៅ ឱ្យបានស្ទាត់ជំនាញប្រកបដោយវិជ្ជាជីវៈ ព្រមទាំងបំពេញនូវតម្រូវការ កង្វះខាត និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផងដែរ។

ឯកឧត្តម ថេង ច័ន្ទសង្វារ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានជំរុញបន្ថែមឱ្យក្រុមបណ្តុះបណ្តាល ពង្រឹងកិច្ចខិតខំប្រឹងប្រែង និងត្រៀមបើកវគ្គបណ្តុះបណ្តាលលើជំនាញផ្សេងៗទៀតតាមវេលាបន្ទាប់ និងតាមតម្រូវការរបស់ផ្នែក ដើម្បីធានានិរន្តរភាពការងារ និងពង្រឹងសមត្ថក្រុមជំនួយការឱ្យបានល្អប្រសើរ និងទាន់សភាពការណ៍។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News» បានដំណើរការរយៈពេលមួយពេញមួយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលប្រារព្ធបើកដោយ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកអចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ព្រមទាំងមានការចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិកផ្នែកផងដែរ៕