រដ្ឋបាលខេត្តកែប ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តសត្ថាធម្មវិហារ

លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តសត្ថាធម្មវិហារ ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំមួយក្នុងចំណោម បុណ្យនានា ដែលពុទ្ធបរិស័ទខ្មែរតែងតែគោរពប្រណិបត្តិតាំងពីដើមរៀងមក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីអារាមវត្តសត្ថាធម្មវិហារ (ភ្នំពោន) ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងពិធីនោះ ក៏មានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បាននាំមកជាមួយនូវ ទៀនធូប ផ្កាភ្ញី និងទេយ្យទានផ្សេងៗ ដើម្បីប្រារព្ធ ពិធីបុណ្យមាឃបូជានេះ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាក្រៃលែង។

ក្នុងឱកាសនោះ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត ក៏បាននាំយកនូវបច្ច័យ ដែលមន្រ្តីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមចូលចាប់មគ្គផល ក្នុងពិធីបុណ្យមាឃបូជានេះ បានចំនួន ៣ ៣៣០ ០០០រៀល សម្រាប់តម្កល់កសាងវត្តផងដែរ។

សូមជម្រាបជូនផងដែរថា បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះ សម្មាសម្ពុទ្ធ ទ្រង់ប្រកាស បង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាល ពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ ព្រះអង្គ ចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាន និមន្ត មកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មា សម្ពុទ្ធទ្រង់ បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឱ្យសមាជិក មហាសន្និបាត ទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ ពីពុទ្ធសាសនា៕