លោក ឡុង ឌី​ម៉ង់ ទទួល​ជំនួប​សម្តែង​ការគួរសម​ជាមួយ​គណៈប្រតិភូ​ថៃ​ ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​

នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌី​ម៉ង់ អភិបាលរងខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ទីរ អង្គភាព​ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី ឧកញ៉ា​ តាន់ តា​ត់ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត និង​សហការី ទទួល​ជំនួប​សម្តែង​ការគួរសម​ជាមួយ​គណៈប្រតិភូ​ថៃ​ ដឹកនាំ​ដោយ​លោក Voratat Tantimongkolsuk អគ្គនាយក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក ឡុង ឌី​ម៉ង់ អភិបាលរងខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​ថៃ ដែល​មានបំណង​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្ត ជា​ការ​សបញ្ជាក់​ពី​ទំនុកចិត្ត​ចំពោះ​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាពិសេស​មានទំនុក​ចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និយាយ​ជា​រួម និង​ដោយឡែក​។

លោក​អភិបាលរង​បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មាន​ទិសដៅ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​វិនិយោគ​នៅក្នុង​ខេត្ត​។ ការ​ជ្រើសរើស​ខេត្ត​ព្រះសីហនុ ជាគោល​ដៅ​នៃ​ការ​វិនិយោគ​ពិតជា​ត្រឹមត្រូវ និង​សមស្រប ដោយ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ជាប់មាត់​សមុទ្រ មាន​ឆ្នេរសមុទ្រ មាន​កោះ​ដ៏​ស្រស់​ស្អាត មាន​ធនធាន​ធម្មជាតិ​ក្រោម​សមុទ្រ មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​បែប រាប់ទាំង​កំពង់ផែ​ទឹកជ្រៅ អាកាសយាន​ដ្ឋាន​អន្តរជាតិ ផ្លូវដែក ផ្លូវ​ល្បឿន​លឿន តភ្ជាប់​ទៅកាន់​រាជធានី​ភ្នំពេញ ដែល​បាន​នឹង​កំពុង​នាំ​ភ្ញៀវ​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន ជាមួយគ្នា​នឹង​ការ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ខេត្ត​។ លោក​បាន​បន្ថែម​ទៀត​ថា ក្នុងរយៈពេល៣ខែ​ចុងក្រោយ​នេះ យើង​សង្កេតឃើញ​ថា​មានការ​កើនឡើង​នូវ​តម្រូវការ បន្ទប់​ស្នាក់នៅ​យ៉ាង​ខ្លាំង ពោល​គឺ​សណ្ឋាគារ​ប្រណីត​មួយចំនួន​មាន​ភ្ញៀវ​កក់​ពេញ ជាពិសេស​នា​ថ្ងៃ​ចុង​សប្តាហ៍ ដែល​នេះ​ជា​និន្នាការ​ងើបឡើង​វិញ​នៃ​លំហូរ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។

លោក Audstti Sroithong នាយក​ផ្នែក​អភិវឌ្ឍន៍​សហគ្រាស​ថៃ បាន​ថ្លែងអំណរគុណ​លោក​អភិបាលរងខេត្ត មន្ត្រីខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដែល​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​។ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​រីកចម្រើន មាន​របៀបរៀបរយ​គួរ​ឱ្យ​កោតសរសើរ​។ គោលបំណង​នៃ​ការដឹកនាំ​គណៈប្រតិភូ​មកកាន់​ខេត្ត​ព្រះសីហនុ​នា​ពេលនេះ គឺ​ការ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សភា​ពាណិជ្ជកម្ម​ថៃ ជាមួយ​រដ្ឋបាល​ខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ចាប់​យក​ឱកាស​វិនិយោគ​។ ជាមួយគ្នា​នេះ ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​អន្តរជាតិ​មួយចំនួន​ដូចជា ពិ​ពរ​ណ៍​ពាណិជ្ជកម្ម​កម្ពុជា-ថៃ និង​ការ​រត់​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម​ផង​ដែរ​។