វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី

កណ្តាល៖ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល” ដែលត្រូវបានសហការរៀបចំដោយគណៈកម្មាធិការពិគ្រោះយោបល់់កិច្ចការស្ត្រី និងកុមារខេត្ត(គ.ក.ស.ក ខេត្ត)គាំទ្រដោយរដ្ឋបាលខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារី និងលោក លោកស្រី ដែលជាសមាជិក សមាជិកា ចូលរួមសរុបប្រមាណ១៦៥រូប ក្នុងនោះសិក្ខាកាមសរុបចំនួន១២៥រូប។

បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារីរួចមក ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញ មុខងារ ភារកិច្ច របស់ខ្លួនក្នុងការសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា តាមដាន ពិនិត្យ ជំរុញ និងសហការក្នុងការចូលរួមដោះស្រាយនូវ រាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេស ស្ត្រី និងក្មេងស្រី ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងអាស្រ័យផលពី សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដែលបានផ្តល់ឱកាសឱ្យយើង ទាំងអស់គ្នាបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់។

ឯកឧត្តម បានបន្តថា៖ក្នុងឆ្នាំ២០២៤ ជាឆ្នាំទី៤ នៃការអនុវត្តផែនការ៥ឆ្នាំ ដំណាក់កាលទី១ នៃកម្មវិធីជាតិដំណាក់កាល ទី២(២០២១-២០៣០) និងជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹង អភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឲ្យដំណើរការស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យ។

ឯកឧត្តមបន្ថែមថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងកិច្ចការនារី ជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដោយមានអ្នកសម្របសម្រួលអញ្ជើញមកពីក្រសួងកិច្ចការនារីទាំងអស់។ វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដល់សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីៗ ស្តីពីគោលគំនិតយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដោយផ្តោតលើ “សិល្បៈនៃការប្រាស្រ័យទាក់ទង និងការនិយាយជាសាធារណៈសម្រាប់ភាព ជាអ្នកដឹកនាំប្រកបដោយឥទ្ធិពល” ក្នុងយុគសម័យឌីជីថល និងទទួលបាននូវការអនុវត្ត សាកល្បងស្តីពី ការនិយាយជាសាធារណៈប្រកបដោយឥទ្ធិពល តាមរយៈការបង្វឹក និងផ្តល់មតិយោបល់ត្រឡប់ពីអ្នកសម្របសម្រួល និងអ្នកចូលរួម។

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់នូវអនុសាសន៍សំខាន់ៗដូចជា៖សិក្ខាកាមគ្រប់រូប ត្រូវខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ កត់ត្រា ឬលើកជាសំណួរ សម្រាប់ប្រធានបទនិមួយៗ ករណីមិនទាន់យល់ច្បាស់ និងគោរពវិន័យក្នុងការសិក្សាឲ្យបានល្អ ចូលរួមយោបល់ ចែករំលែកបទពិសោធន៍ ដើម្បីបានជាធាតុចូលល្អៗ ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ មន្ទីរអង្គភាព ទីចាត់ការ អង្គភាព ផ្នែក នៅរដ្ឋបាល ខេត្ត ក្រុង ស្រុក ត្រូវបង្កឱកាស និងគាំទ្រដល់មន្ត្រីរាជការជាស្ត្រីដែលមានសក្តានុពលក្នុងការបង្កើនចំនួនស្ត្រីធ្វើសេចក្តីសម្រេចឲ្យបានច្រើន ស្ត្រីខ្លួនឯង ត្រូវខិតខំពង្រឹង ពង្រីក ចំណេះដឹង សមត្ថភាព សីលធម៌ និងគុណធម៌ ស្របតាមបរិបទសង្គមដែលរីកចម្រើន បង្កើននូវភាពជឿជាក់លើខ្លួនឯង ដោយបង្ហាញពីស្នាដៃល្អៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបាននូវការ គាំទ្រពីគ្រួសារ និងសង្គម។ ក្នុងនោះស្ត្រីគ្នាឯង ក៏ត្រូវចូលរួមគាំទ្រ លើកទឹកចិត្ត ដល់ស្ត្រីដូចគ្នាដែលមានសក្តានុពល ចៀសវាងការច្រណែននិន្ទាគ្នា៕