ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនី

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅក្នុងកម្មវិធីក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles le Royal នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់បន្ថែមទៀតថា រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាង សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយ​នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវរៀបចំសម្រាប់រថយន្តអគ្គិសនីនោះរួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងជាពិសេសត្រូវធានា ថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ៕