ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី និងគ្រោងកាត់បន្ថយពន្ធ ៥០ភាគរយ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងឱ្យដឹងថា កម្ពុជាកំពុងស្វែងរកអ្នកវិនិយោគ មកវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ខណៈដែលសព្វថ្ងៃនេះ កម្ពុជានៅមិនទាន់មានស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនឱ្យទិញរថយន្ត EV។

ឯកឧត្តម បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា «ការដាក់ឱ្យប្រើប្រាស់រថយន្ត EV កំពុងឋិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្ត EV»។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «យើងកំពុងស្វែងរកអ្នកវិនិយោគមកវិនិយោគស្ថានីយសាកថ្មនេះផងដែរ។ សព្វថ្ងៃនេះយើងមិនទាន់មាន ស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនយើងឱ្យទិញរថយន្ត EV នេះ»។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន (PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន ៥០%