ឯកឧត្តម ស៊ុន ចាន់ថុល៖ ចាប់តាំងពីកម្ពុជាទទួលសន្តិភាព កម្ពុជាបានសាងសង់ស្ពានចំនួន ២០កន្លែង

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានសាងសង់ស្ពានចំនួន ២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។

នៅក្នុងកិច្ចសម្ភាសន៍របស់ទូរទស្សន៍ CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពានចំនួន ២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។

ក្រៅពីនេះ កម្ពុជាក៏បានលើកកម្ពស់ព្រលានយន្តហោះចំនួនបីតាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួន ៣កន្លែង ដោយឈរលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង៕