សម្ដេចតេជោ៖ បងប្អូនខ្មែរ និងបរទេស ដែលចូលមកកម្ពុជា មិនតម្រូវឱ្យយកសំណាក ធ្វើតេស្ត និងចត្តាឡីស័កឡើយ បើសិនបានចាក់វ៉ាក់សាំងចំនួន២ដូសរួច

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់បងប្អូនទាំងបរទេស និងខ្មែរ ដែលមកពីប្រទេសក្រៅធ្វើដំណើរចូលមកកម្ពុជា ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ២ដូសរួចនោះ គឺមិនតម្រូវឱ្យយកសំណាក ដើម្បីធ្វើតេស្តតាមម៉ាស៊ីន PCR ទៀតទេ ត្រូវធ្វើតេស្តរហ័ស និងមិនតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ ដែលបទបញ្ជានេះផ្នែកពាក់ព័ន្ធ ត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគ្រប់ច្រកចេញ-ចូលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

សម្ដេចតេជោថ្លែងបន្តថា ប៉ុន្តែយោងទៅលើអ្វី ដែលបាននិងកំពុងកើត មុនពេលដែលជនបរទេសក្ដី បងប្អូនខ្មែរមកពីបរទេសក្ដី ទាំងខ្មែរក្នុងស្រុក និងខ្មែរក្រៅប្រទេស និងទាំងបងប្អូនខ្មែរយើង ដែលរស់នៅក្រៅប្រទេសបានចាក់វ៉ាក់សាំងរួចហើយនោះ គឺមិនតម្រូវឱ្យធ្វើការយកសំណាក ដើម្បីធ្វើតេស្តតាមម៉ាស៊ីន PCR ទៀតទេ គឺត្រូវធ្វើតេស្តរហ័សតែម្ដង។

ដូច្នេះមិនមានការចាំបាច់ដើម្បីទៅរង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែង ដែលត្រូវរងចាំនូវលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំ (PCR) នោះទេ ប៉ុន្តែបងប្អូនត្រូវជំពាក់ធ្វើតេស្តនៅឯព្រលានយន្តហោះ នៅតាមច្រកផ្លូវគោក និងផ្លូវទឹក គឺត្រូវរងចាំត្រឹមតែ ១៥នាទី ឬ២០នាទីតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបងប្អូនមានលទ្ធភាព ដើម្បីនឹងចេញដំណើរ ទៅកាន់ទីកន្លែងណានៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយគ្មានការកំណត់ គឺទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនតែម្ដង។

សម្ដេចតេជោគូសបញ្ជាក់ថា នេះជាការអនុវត្តដោយគ្មានការរើសអើង ទាំងបងប្អូនខ្មែរដែលមកពីបរទេស ទាំងបងប្អូនដែលនៅក្នុងប្រទេស ហើយចេញទៅបរទេសវិលត្រឡប់មកវិញ ទាំងអ្នកទេសចរណ៍បរទេស អ្នកធុរកិច្ចបរទេស គឺអនុវត្តន៍ដូចៗគ្នា។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឱ្យយកសំណាកទៅពិនិត្យដោយម៉ាស៊ីនធំ(PCR) និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដដែល។

ការអនុវត្តនេះ ក៏ត្រូវអនុវត្តន៍នៅក្នុងក្របខ័ណ្ឌទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ដែលមុននេះខ្ញុំគ្រាន់តែបញ្ជាក់អំពីផ្លូវអាកាសតែប៉ុណ្ណោះ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅ គឺតម្រូវឱ្យអនុវត្តន៍តាមវិធានការថ្មីនេះ ទាំងផ្លូវគោក និងផ្លូវទឹក នៅពេលដែលចូលមកដល់ឃើញថាបានចាក់វ៉ាក់សាំ២ដូសរួចហើយ យើងត្រូវយកសំណាកដោយតេស្តរហ័ស ក្នុងករណីដែលមិនឃើញថាមានវិជ្ជមានកូវិឌ១៩ទេ គឺអនុញ្ញាតឱ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានថ្លែងបន្ថែមថា «យើងអនុវត្តន៍ទាំងជាមួយប្រទេសថៃ ប្រទេសឡាវ និងទាំងជាមួយប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់យើង គឺអ្នកដែលបានទទួលចាក់វ៉ាក់សាំងហើយ បងប្អូនខ្មែរយើងដែលធ្វើដំណើរទៅថៃ វៀតណាម ទៅឡាវដែលត្រឡប់មកវិញ ក៏ត្រូវបានអនុវត្តន៍ដូចគ្នា។ ជនជាតិថៃ ជនជាតិវៀតណាម ជនជាតិឡាវ ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានអនុវត្តន៍ដូចគ្នា»។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «ឯអ្នកដែលមិនបានចាក់វ៉ាក់សាំងទេ ត្រូវតែយកសំណាក ហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ដូច្នេះនេះជាវិធីពន្លឿននៃដំណើការបើកប្រទេស និងសម្រួលដល់ប្រជាពលរដ្ឋរបស់យើង»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ប្រជាពលរដ្ឋរបស់យើងមួយចំនួន ចង់ចេញទៅក្រៅប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការវិលត្រឡប់មកក្នុងប្រទេសរបស់យើងវិញ ដោយចាំបាច់ត្រូវធ្វើចត្តាឡីស័ក។ បងប្អូនខ្មែរយើងនៅក្រៅប្រទេស ដោយនឹកស្រុកទេសចង់វិលត្រឡប់មកក្នុងប្រទេសវិញ ក៏ប៉ុន្តែក៏ព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក។

ឥឡូវនេះបងប្អូនទាំងអស់ក៏ពុំមានការចាំបាច់ និងមានការបារម្ភទៀតទេ ព្រោះមុនចេញពីប្រទេសក្រៅមកត្រូវធ្វើតេស្ត មានវិញ្ញាបនបត្របញ្ជាក់ក្នុងរយៈពេល៧២ម៉ោង មកដល់ព្រះរាជាណាចក្រកម្ពុជា ត្រឹមតែធ្វើតេស្តរហ័ស ដែលត្រូវចំណាយពេលត្រឹមតែ១៥ ទៅ២០នាទីតែប៉ុណ្ណោះ។

បន្ទាប់ពីពិនិត្យឃើញថាគ្មានវិជ្ជមានកូវីដ១៩ទេនោះគឺនឹងអាចធ្វើដំណើរនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសបាន ដោយពមានការរាំងស្ទះណាមួយកើតឡើងទេ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា អនុវត្តន៍នូវវិធានការនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕