ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន AIBD ផ្តល់ពានរង្វាន់ Lifetime Achievement Award ដែលបញ្ជាក់​អំពី​កិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាង​ច្រើន ក្នុងវិស័យសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ត្រូវបានវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ផ្តល់ពានរង្វាន់ “Lifetime Achievement Award” រង្វាន់សមិទ្ធផលប្រចាំជីវិត ដែលជាការបញ្ជាក់​អំពី​កិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាង​ច្រើន ក្នុងវិស័យសារព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា និងការចូលរួមចំណែក សំខាន់​ជាមួយ AIBD ។ ការផ្ដល់ពានរង្វាន់នេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុង​ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានអញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៦ និងសន្និសីទលើកទី១៩ នៃវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ​ផ្សព្វ​ផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ឆ្នាំ ២០២១ ស្តីពី “ការដឹកនាំប្រព័ន្ធផ្សាយក្នុងបរិបទថ្មី” តាម​រយៈប្រព័ន្ធវីដេអូ អនឡាញ នៅសាលប្រជុំក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណដល់ AIBD ចំពោះពានរង្វាន់​មួយនេះ ហើយបានបញ្ជាក់ថា ពាន់រង្វាន់នេះ គឺមិនមែនតែសម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី តែម្នាក់​ប៉ុណ្ណោះទេ គឺសម្រាប់ក្រុមការងារទាំងអស់នៃ ក្រសួងព័ត៌មានកម្ពុជា ដែលបានខិតខំប្រឹង​ប្រែង​ក្នុងការ​បំពេញការងារ និងសម្រេចបាននូវជោគជ័យជាច្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងសុន្ទរកថា ដោយបញ្ជាក់ថា ការជួបគ្នានៅពេលនេះ ជាសមូហភាពដែលទាក់ទងនឹងព័ត៌មាន និងតំណាងឱ្យប្រព័ន្ធផ្សព្វ​ផ្សាយនៅក្នុងប្រទេសរៀងៗខ្លួន ។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា ទាំងអស់គ្នា បានមើល​ដោយក្តីរន្ធត់ នៅពេលដែលជំងឺ Covid-19 រាតត្បាត បាននាំមកនូវរលកយក្ស ស៊ូណាមិ នៃព័ត៌មាន និងភាពច្របូកច្របល់។ ទន្ទឹមនេះ ឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និង​ព័ត៌មានមិនពិត លើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិន អាចប្រកែកបាន។ លើសពីនេះទៀត បញ្ហាទាំងនេះ បានបង្អាក់ដល់ការរួបរួម និងសន្តិភាព​របស់​ប្រទេសធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែកបាក់គ្នា និងអំពើហិង្សារវាងប្រជាជន និងធ្វើ​ឱ្យប៉ះពាល់ ដល់​ទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ AIBD សម្រាប់ការ​ផ្តល់​កន្លែងទំនេរ ដល់អ្នកធ្វើគោលនយោបាយ និងអ្នកអនុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាអំពី​បញ្ហាកើនឡើងផ្សេងៗ ជាពិសេសក្នុងអំឡុងពេល ចាប់ផ្តើមនៃជំងឺរាតត្បាត។ ឯកឧត្ដមបាន​អះអាងថា ជោគជ័យមួយដែល AIBD និងសមាជិករួមគ្នា បង្កើតបានធម្មនុញ្ញប្រព័ន្ធ ផ្សព្វផ្សាយ ដែលជាឯកសារដែលមានគោលបំណង ដោះស្រាយបញ្ហាសំខាន់ៗ ចំនួនប្រាំមួយ ដែលកំពុង​ប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយ។ សម្រាប់ធម្មនុញ្ញប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់អំពីទិដ្ឋភាព​ដ៏សំខាន់បំផុតសម្រាប់ទាំងអស់គ្នានៅទីនេះ ហើយដូចសុភាសិតមួយចែងថា «ការរួមគ្នាគឺជា​ការចាប់ផ្តើម រក្សាជាមួយគ្នាគឺជា ការរីក​ចម្រើន, ការធ្វើការជាមួយគ្នា គឺជាជោគជ័យ»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ជាការពិតណាស់ នេះគឺជាពេលវេលាសម្រាប់កិច្ចសហប្រតិ​បត្តិការ កាន់តែខ្លាំងក្នុងចំណោមអង្គការ សមាជិកនៃ AIBD ដើម្បីរួមគ្នា និងលើកកម្ពស់​ព័ត៌មានពិតប្រាកដ និងការសរសេរ កម្មវិធីដ៏ល្អ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “វាដល់ពេលហើយដើម្បីពិចារណា និងដឹកនាំ​អង្គការ​នេះ ដែលទាំងអស់គ្នាជាអ្នកទទួលផល ឆ្ពោះទៅកាន់កម្ពស់កាន់តែច្រើន បង្កើត​អនាគតដ៏ មានតម្លៃសម្រាប់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់”។

លោកស្រី Philomena Gnanapragasam អគ្គនាយិកា AIBD និងជាប្រធានអង្គប្រជុំ បានជម្រាបជូនពីគោលបំណង នៃកិច្ចប្រជុំនាឱកាសនេះ គឺ ដើម្បីពិនិត្យលើរបាយការណ៍​សកម្មភាពដែល AIBD សម្រេចបានកន្លងមក។ ជាមួយគ្នានេះដែរ អង្គប្រជុំបានស្តាប់មតិ​ជាបន្តបន្ទាប់ដែលបានលើកឡើងដោយថ្នាក់ដឹកនាំនៃបណ្តាលប្រទេសជា សមាជិក AIBD ៕

Previous Article
Next Article