សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316418348_722022522612871_1894935571008040578_n.jpg?fit=1000%2C666&ssl=1)
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ខណៈឯកឧត្តមបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់ និងសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយនឹងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។
ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ពដែលកំពុងមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោថា ចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដោយផ្ទាល់ ហើយក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពីការរីកចម្រើនរបស់កម្ពុជា និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់ជំនួយរបស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316521523_722022655946191_2519572167187556442_n.jpg?resize=1000%2C666&ssl=1)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316426691_722022765946180_985621575130699715_n.jpg?resize=1000%2C667&ssl=1)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316406704_722022735946183_3832261079008778656_n.jpg?resize=1000%2C667&ssl=1)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316420414_722022529279537_6404157397847989505_n.jpg?resize=1000%2C666&ssl=1)