ឯកឧត្តម វ៉ា ថន អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តក្រចេះ

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលមានចាប់ពីថ្នាក់អនុប្រធានមន្ទីរ ថ្នាក់ការិយា ល័យ និងអនុការិយាល័យ នៃមន្ទីរអង្គភាពជំនាញថ្នាក់ក្រោមជាតិ ប្រមាណ៧០នាក់ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអបអរសាទរដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមសហការយ៉ាងសកម្ម ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌខេត្តទាំង មូលបានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។ ពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេមេគង្គ និងគ្រោះធម្មជាតិនានា នៅតាមតំបន់មួយចំនួនក្នុងខេត្តក្រចេះ ។

ឯកឧត្ដមបញ្ជាក់ថា សមិទ្ធផល និងស្នាដៃ ដែលយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ខេត្តក្រចេះរបស់យើង ។

ឯកឧត្តមអភិបាលខេត្តក្រចេះ បានឱ្យដឹងថា ផ្អែកលើមូលដ្ឋានគ្រឹះ នៃលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារមន្ត្រីរាជការទាំងនេះហើយ ទើបថ្នាក់ដឹកនាំមន្ទីរ អង្គភាព បានលើកសំណើមករដ្ឋបាលខេត្ត ស្នើសុំតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្រ្តីរាជការក្នុងពេលនេះ ។ ការតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត គឺធ្វើឡើងស្របតាមរចនាសម្ព័ន្ធមុខតំណែង និងចំនួនមុខតំណែងគ្រប់គ្រងដែលនៅទំនេរ ដែលបានកំណត់ក្នុងរចនាសម្ព័ន្ធ នៃមន្ទីរ អង្គភាព ដោយផ្អែកលើទំហំការងារ លក្ខណៈសម្បត្តិរបស់មន្ត្រីសម្រាប់មុខតំណែង ផលិតភាពការងារលទ្ធភាពថវិកា និងធានាបាននូវនិរន្តរភាពការងារ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន បានធ្វើការណែនាំនិងជំរុញឱ្យថ្នាក់ដឹកនាំមន្រ្ដី រាជការជុំវិញរដ្ឋបាលខេត្ត បន្តចូលរួមជំរុញលើកទឹកចិត្ត អប់រំផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបន្តចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុខសុវត្ថិភាព ដើម្បីធានាទប់ស្កាត់ និងបង្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពភាពចលាចល សង្គ្រាមវឹកវរ តាមរយៈការធ្វើបដិវត្តន៍ពណ៌ ដោយការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា បន្តដឹកនាំមន្ទីរ អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគម្រូល្អសម្រាប់មន្ត្រីក្រោមឱវាទ៕