អ្នកគាំទ្រ​លោក ចូ បៃ​ដិ​ន ផ្ដុំគ្នា​អបអរសាទរ ចំអក​លោក​ត្រាំ​ទូទាំង​សហរដ្ឋអាមេរិក ក្រោយ​សារព័ត៌មាន​អះអាងថា ឈ្នះ​ហើយ (មាន​ឃ្លី​ប)

អាមេរិក៖ ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​សង្គ្រាម​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ជំរុញ​ឱ្យ​កើតមាន​ការប្រមូល​ផ្ដុំគ្នា ជប់លៀង​អបអរសាទរ នៅតាម​ទីក្រុងផ្សេងៗទូទាំងប្រទេស ក្នុងនោះ​រួមទាំង​តំបន់​ជាច្រើន ដែលមាន​ចំណែក​សំខាន់​ក្នុង​ការនាំ​បេក្ខជន​នៃ​គណបក្ស​ដេ​ម៉ូ​ក្រេ​ត​រូបនេះ(លោក​ចូ បៃ​ដិ​ន) ឱ្យ​ដើរ​ចូលទៅ​មន្ទីរ​សេត​វិមាន​ផងដែរ។

តាំងពី​នី​វ​យ៉​ក រហូតដល់​ម៉ៃ​អា​មី ក្នុង​ភាគ​ខាងកើត និង​ឌែ​ន​វើ​រ ដល់​អូ​ស្ទី​ន ភាគ​ខាងលិច បណ្ដា​អ្នកគាំទ្រ​របស់លោក​បៃ​ដិ​ន បាននាំគ្នា​ឡើងមក​លើផ្លូវ​ថ្នល់ ក្រោយពី​ទីភ្នាក់ងារ​ព័ត៌មាន CNN និង​បណ្ដាញសារព័ត៌មានផ្សេងៗទៀត អះអាងថា លោក ចូ បៃ​ដិ​ន បានទទួល​ជ័យជម្នះ​រួចរាល់​ហើយ កាលពី​ថ្ងៃ​សៅរ៍ (ទី៧ វិច្ឆិកា) ដោយ​ពួកគេ​បាន​ចុច​ស៊ី​ហ្វ្លេ​រថយន្ត រាំរែក និង​បើក​ស្រា​សំប៉ាញ​ជប់លៀង​យ៉ាង​រីករាយ។

នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ហ្វូង​មហាជន បាន​ឡើងមក​តាមផ្លូវ​ថ្នល់ នៅមុខ​មន្ទីរ​សេត​វិមាន ម្ដុំ​ទីវាល​អនុស្សាវរីយ៍ ប្ល៊ែ​ក ឡៃ​ហ្វ មែ​ត​ធើរ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី ក្រោយពី​សារព័ត៌មាន​ទាំងឡាយ​អះអាងថា លោក​បៃ​ដិ​ន បានទទួល​ជ័យជម្នះ។ ចំណែក​ផ្លូវថ្នល់​ដែលនៅក្បែរៗគ្នា​នោះ ក៏​ពេញ​ទៅដោយ​មនុស្សម្នា ដែលម្នាក់ៗនាំគ្នា​ស្រែក​ហ៊ោសប្បាយ វាយ​ចាន វាយ​ឆ្នាំង និង​ច្រៀង​បទ​ចម្រៀង ស្រែក “ហ្គូ​ដ​បាយ” ចំអក​ឡកឡាយ ដាក់​លោក ដូ​ណា​ល់ ត្រាំ។

ហ្វូង​មហាជន ដែល​នាំគ្នា​ដើរ​នៅតាម​ផ្លូវថ្នល់​ជុំវិញ​មន្ទីរ​សេត​វិមាន បណ្ដាលឱ្យ​រថយន្ត ជាប់​កកស្ទះ​យ៉ាងខ្លាំង តែ​គេ​ឃើញ​មាន​មនុស្ស​ជាច្រើន បាន​ឡើងទៅ​អង្គុយ​ដំបូល​រថយន្ត និង​បណ្ដា​អ្នកបើកបរ បាន​លើកដៃ​គ្រវី​បក់​ចេញមកក្រៅ​រថយន្ត។ ក្រៅពីនេះ គេ​ថែមទាំង​បានឃើញ​បុរស​ម្នាក់ គ្រវីទង់ជាតិ​សហរដ្ឋអាមេរិក ដើរ​តម្រង់​ទៅរក​ទីលាន​អនុស្សាវរីយ៍ ប្ល៊ែ​ក ឡៃ​ហ្វ មែ​ត​ធើរ ព្រមជាមួយ​បដា ១ផ្ទាំង ដែល​សរសេរ​ដោយ​ដៃ​ថា “សុបិន​អាក្រក់ បាន​កន្លងផុត​ហើយ!!។

យ៉ាងណាក្ដី ពេលដែល CNN និង​ទីភ្នាក់ងារ​ព័ត៌មាន​ជាច្រើន​ទៀត អះអាង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ហើយ លោក ដូ​ណា​ល់ ត្រាំ មិនបាន​ស្ថិតនៅក្នុង​មន្ទីរ​សេត​វិមាន​នោះទេ ដោយ​លោក​បានចេញ​ទៅលេង​វាយ​កូន​ហ្គោល នៅ​ទីលាន​របស់​ខ្លួនឯង នៅឯ​រដ្ឋ​វើ​ជី​នៀ។

ក្រុម​អ្នកគាំទ្រ​ទាំង​របស់លោក​បៃ​ដិ​ន និង​លោក​ត្រាំ បានមក​ផ្ដុំគ្នា​នៅ​បរិវេណ​ផ្នែក​ខាងក្រៅ​ទីលាន​វាយ​កូន​ហ្គោល និង​បន្តកន្ទុយ​គ្នា​យ៉ាង​វែង រហូតដល់​ផ្លូវ​ចូល ដោយ​គេ​សង្កេតឃើញ​អ្នកគាំទ្រ​របស់លោក​បៃ​ដិ​ន ម្នាក់​បាន​លើក​បដា ១ផ្ទាំង​ដែលមាន​អក្សរ​សរសេរថា “អ្នក​ត្រូវបាន​គេ​ដេញចេញ​ហើយ!!” ហើយ​ក្នុងអំឡុង​ពេលនោះ មាន​រថយន្ត​ដែល​បំពាក់​ទង់​សញ្ញា​របស់លោក​ត្រាំ បើក​វិល​ទៅ-មក និង​មាន​អ្នក​ស្រែកថា “សារព័ត៌មានអន់!!” ។

នៅ​រដ្ឋ​ហ្វ៊ី​ឡា​ដែល​ហ្វៀ ដែលជា​រដ្ឋ​គន្លឹះ​សំខាន់​ក្នុង​ជ័យជម្នះ​ដ៏​ដាច់ខាត​របស់លោក​បៃ​ដិ​ន អ្នកបើកបរ​រថយន្ត​ជាច្រើន បាននាំគ្នា​ចុច​ស៊ី​ហ្វ្លេ និង​ប្រជាជន​ជាច្រើន បាននាំគ្នា​ចេញមក​គ្រវី​ទង់​សញ្ញា​លោក​បៃ​ដិ​ន។ ហ្វូងមនុស្ស​បាន​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅឯ​បរិវេណ​ខាងក្រៅ​សាលាក្រុង ដោយសារតែ​ធាតុអាកាស​មាន​ភាពកក់ក្ដៅ​ខុស​ប្រក្រតី ធ្វើឱ្យ​មនុស្សម្នា បាននាំគ្នា​ឡើងមក​លើ​ដងផ្លូវ ព្រមជាមួយ​អ្វី​គ្រប់យ៉ាង​ដែល​ល្មម​អាច​ចាប់​កាន់​យកមក ដើម្បី​អបអរសាទរ​បាន​ក្នុង​គ្រានោះ មាន​ទាំង​កាហ្វេ ស្រា​ខក់​ថេ​ល ដោយ​អ្នក​ទាំងអស់នោះ សុទ្ធ​តែមាន​ពាក់​ម៉ាស់​អនាម័យ​ការពារ​មេរោគ​កូ​វីដ-១៩គ្រប់គ្នា។

នៅឯ​នី​វ​យ៉​ក ស៊ី​ធី ហ្វូងមនុស្ស បានមក​ប្រមូល​ផ្ដុំគ្នា នៅ​បរិវេណ​ខាងក្រៅ​សណ្ឋាគារ ត្រាំ អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល ហូ​ថេ​ល និង​ស្រែក​ប្រកាសថា “លែង​ត្រូវការ​ត្រាំ​ទៀតហើយ!!” ។ ចំណែក​នៅឯ ថា​ម​ស៍ស​ឃ្វែរ មានការ​ផ្លុំត្រែ​វែង ជា​បទ​ភ្លេង “Hail to the Chief” ជា​បទ​ភ្លេង​ដែល​តែង​ប្រគុំ​សម្រាប់​ផ្ដល់​ជា​កិត្តិយស​ដល់​បុគ្គល​ដែល​គ្រង​តំណែង​សំខាន់​ទៀតផង។

ចំណែក​នៅឯ​បរិវេណ​ខាងក្រៅ​ការិយាល័យ​ធំ របស់លោក​បៃ​ដិ​ន ក្នុង​ទីក្រុង វី​ល​មិ​ង​តុ​ន រដ្ឋ​ដេ​ឡា​វែ​រ វិញ ហ្វូងមនុស្ស​បានមក​ប្រមូល​ផ្ដុំគ្នា និង​ចំនួន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូត​ហួស​រនាំង​ការពារ​សុវត្ថិភាព ដោយ​មនុស្ស​គ្រប់​ភេទ និង​គ្រប់​វ័យ​ទាំងនោះ បាននាំគ្នា​ស្រែក​អបអរសាទរ ចុច​ស៊ី​ហ្វ្លេ​រថយន្ត និង​ច្រៀង​បទ​ចម្រៀង God Bless  America ៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព