ព្រឹក​នេះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​លើក​ទី២

នៅ​ព្រឹក​ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈរដ្ឋ​មន្ត្រី​។ នេះ​ជា​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​លើក​ទី២ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។ លើក​ទី១ ធ្វើឡើង​កាលពី​ថ្ងៃទី២៤ ខែសីហា​។

លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​ឆ្លង​របៀបវារៈ​មួយចំនួន​ដូច​ខាងក្រោម​៖

ទី១​៖ របាយការណ៍​វឌ្ឍនភាព​នៃ​ការរៀបចំ​យន្តការ អនុវត្ត​គោលនយោបាយ​អាទិភាព​ចំនួន ៦ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ សម្រាប់​ប្រកាស​ចាប់ផ្តើម​អនុវត្ត​មុន​ដំណាច់ឆ្នាំ ២០២៣​។

ទី២​៖ សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣- ២០២៨ ។

ទី៣​៖ របាយការណ៍​ស្តី​ពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា និង​ទិសដៅ​គោលនយោបាយ​សំ​ខាន់​ៗ​។

ទី៤​៖ សេចក្តី​ព្រាងច្បាប់ ស្តី​ពី​ការបង្កើត​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។

ទី៥​៖ សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ​ស្តី​ពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​។

ទី៦​៖ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មុខងារ​សាធារណៈ​។

ទី៧​៖ បញ្ហា​ផ្សេង​ៗ​៕