អង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី២ ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជាលើកទី២ ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ-បុគ្គលិកនៃអង្គការផ្ទះបាយកុមារ ដែលបានជួយដល់កុមារទុរគត កុមារកំព្រាគ្មានទីពឹង ឱ្យមានអាហារបរិភោគ និងទទួលបានការសិក្សារៀនសូត្រ បណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង ហើយធ្វើការចែករំលែកក្តីស្រឡាញ់ដល់កុមារៗជំនាន់ក្រោយៗទៀត។

អង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី២ ពីកាកបាទក្រហមកម្ពុជា
លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការឧបត្ថម្ភជាបន្តបន្ទាប់ និងបានផ្តល់អំណោយជូននាពេលនេះរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌឺវី ៥កេស, ច្រាស់ដុសធ្មេញ ២កេស, កន្ត្រៃកាត់ក្រចក ៤កំប៉ុង, ដំបៀត ៤កេស, ជែល (ដប) ១០កេស, និង ជែល (ថង់) ៥កេស៕