ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា

លោក ហ៊ុន ម៉ាណែត បានអះអាងថា ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា មិនរង់ចាំដល់ពេលជិតបោះឆ្នោត ឬដល់ពេលឃោសនាទើបធ្វើសកម្មភាពនោះទេ ពោលគណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាពលរដ្ឋជានិច្ច។

លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយល្អក៏ដោយដូចសម្ដេចមានប្រសាសន៍ចឹង ដើម្បីជោគជ័យបានត្រូវការប្រតិបត្តិការដែលមានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយនោះហើយគឺមន្ដ្រីមូលដ្ឋាន បើយើងដល់អ្នកប៉ះពាល់ផ្ទាល់មុនគេបំផុត គឺឃុំសង្កាត់ នេះឯង។ ឥលូវប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រហើយ គឺសូមបង្កើននូវការចូលរួម ពង្រឹងនូវការបម្រើប្រជាពលរដ្ឋកុំជិះសេះលែងដៃ ត្រូវបន្ដដើម្បី២០២៧យើងកុំឲ្យបែកញើស កុំឲ្យឆ្នាំ២០២៧យឺតពេល។ គណបក្សប្រជាជនកម្ពុជាឈ្នះ ហើយឈ្នះរហូតដោយសារយើងមិនចាំដល់ជិតបោះឆ្នោត ឬឃោសនាបានរៀបចំគគ្រឹកគគ្រែងនោះទេ គឺយើងធ្វើជាប់ជាប្រចាំ ដូច្នេះសូមបន្ដនូវគោលការណ៍ និងឆន្ទៈ នៅក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»