ទំនាក់ទំនង កម្ពុជា-ថៃ បានពង្រឹងពង្រីកជាពិសេសលើវិស័យ ពាណិជ្ជកម្ម និងការវិនិយោគកើនឡើងគួរឱ្យកត់សម្គាល់

«ទំនាក់ទំនងមិតភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់»។នេះជាការលើកឡើងរបស់ ឯកឧត្តម ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ។ ឯកឧត្តមសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំ អនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីគាំទ្រគ្នា និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញតិ្ត នៃប្រទេសទំាងពីរ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយបានឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាបន្តបន្ទាប់ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករីយអំពីការរីកចម្រើនខាងសេដ្ឋកិច្ច វិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិការពហុភាគីក្នុងក្រប-ខ័ណ្ឌអន្តរសភា រួមមាន៖ AIPA, APF, ASEP និង IPU ជាដើម។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតថៃឡងដ៍ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ៕

Previous Article
Next Article