លោក ហ៊ុន ម៉ានី​៖ «សន្លឹក​ឆ្នោត​ដែលបោះជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​អ្វី​ដែល​ប្រជា​ពលរដ្ឋ​កំពុង​មាន និង​សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ»

ព្រឹក​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃទី០៤ នៃ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អនុ​ប្រធានទី១ ក្រុម​ការងារ​គណបក្ស​ចុះជួយ​ខេត្ត​កំពង់​ស្ពឺ និង​ជា​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ បាន​បន្តជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​យុទ្ធនា​ការ​ឃោសនារក​សំឡេង​ឆ្នោត នៅឃុំធម្មតាអរ និងឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ ដើម្បី​កំណត់​ភាព​ឈ្នះ​បន្ថែម​ទៀត ហើយ​ធ្វើ​យ៉ាងណា​ចូល​រួម​បោះឆ្នោត​ស្រប​តាម​គោល​ការ​ណែនាំ​របស់គ.ជ.ប​។

ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួមពី​សំណាក់​ថ្នាក់​ដឹកនាំ ក្រុម​ការងារ​ចុះជួយ ឃុំ ស្រុក ខេត្ត និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង២ឃុំ​សរុប​ប្រមាណ៨០០នាក់​ផងដែរ​។

ក្នុង​ជំនួប​នេះ លោក ហ៊ុន ម៉ានី បាន​រំលឹកពី​ឯកសារ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ភ្ជាប់​ទៅ​បោះឆ្នោតថា ឯកសារ​ដែល​ត្រូវ​កាន់យក​ទៅ​បោះឆ្នោត មានតែ​ពីរគត់គឺ អត្ត​សញ្ញាណ​ប័ណ្ឌ​សញ្ជាតិ​ខ្មែរ (អ.ខ) ឬ ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត (ឯ. អ)។ ឯកសារ ឬ​ប័ណ្ណ​ព័ត៌មាន​ផ្សេងៗ​ទៀត​មិន​អាច​ប្រើ​ប្រាស់​ដើម្បី​បោះឆ្នោត​បាន​ឡើយ​។

ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាងលើ ក៏​មានបទ​បង្ហាញ​អំពី​​របៀបគូស​សន្លឹក​ឆ្នោត​ដែល​បាន​ការ ដោយ​លោក​ សំ​ រិទ្ធី​​ ប្រធាន​អនុគណៈ​កម្ម​ការ​ផ្នែក​ច្បាប់​ និងនិតិ​វិធី នៃ​គណៈ​បញ្ជាការ​យុទ្ធនា​ការ​បោះឆ្នោត ជូន​ទៅ​កាន់​សមាជិក​​ សមាជិកា​ទាំង​អស់​អោយ​បាន​ជ្រាប​។​

សូម​ជម្រាបជូនថា ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត អាណត្តិទី៧ នឹង​មកដល់​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ ដោយ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង៧ព្រឹក រហូត​ដល់​ម៉ោង ៣រសៀល​។

ឆ្លៀត​ក្នុង​ឱកាស នៃ​ជំនួបនា​ព្រឹក​នេះ លោក​តំណាងរាស្ត្រ បាន​អញ្ជើញ​លោកយាយ លោកតា ពុក ម៉ែ មាមីង បង​ប្អូន​ទៅ​បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​តំណាងរាស្ត្រ ក៏បាន​បញ្ជាក់​ផងដែរថា សន្លឹក​ឆ្នោត​មួយ​សន្លឹក​របស់​លោកយាយ លោកតា ពុក ម៉ែ មាមីង បង​ប្អូន ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ធានា​នូវ​អ្វីៗ​ដែល​ប្រជា​ពលរដ្ឋ បាន​និង​កំពុង​មាន ព្រម​ទាំង​ធានា​អនាគត​ដែល​កាន់តែ​ល្អ​ប្រសើរ​ដល់​កូនចៅ​ជំនាន់​ក្រោយៗ ក្រោម​ម្លប់​ត្រជាក់​ត្រជុំ​របស់​សុខ​សន្តិភាព​៕