គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ ខេត្ត​កណ្តាល បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផលការងារ​ប្រចាំ​ឆមាសទី១ និង​លើក​ទិសដៅ​ឆមាសទី២ ឆ្នាំ២០២៣

ខេត្ត​កណ្តាល​៖ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ (គ.កស.ក) ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី៤ ខែ​កក្កដា​ឆ្នាំ២០២៣នេះ បាន​រៀបចំ​កិច្ច​ប្រជុំបូក​សរុប​លទ្ធ​ផលការងារ​ឆមាសទី១ និង​លើក​ទិសដៅ​ការងារ​ឆមាសទី២ ឆ្នាំ២០២៣ របស់​ខ្លួន​ក្រោម​អធិបតី​លោក​ជំទាវ នួន នារតី ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្ត​កណ្តាល​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​លោក​ជំទាវ នួន នារតី បាន​មាន​ប្រសាសន៍ថា​៖​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ និង​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ​សម្រេច​នូវ​ភារកិច្ច និង​ផែនការ​ថ្មីៗ ដែល​គណៈកម្មាធិការ​បាន​ប្រគល់ជូន សមាជិក​ទាំង​អស់​ត្រូវ​មាន​ការ​សហការ​គ្នាឱ្យ​ខ្លាំង​ជាង​នេះ​បន្ត​ទៀត ជា​ពិសេស សហការ​ជា​មួយ​មន្ត្រី​ជំនាញ អាជ្ញាធ​រមូល​ដ្ឋាន ភូមិ ឃុំ សង្កាត់ ដែល​ជា​អ្នក​រស់នៅ​ជិត​ប្រជា​ពលរដ្ឋ​ជា​ប្រចាំ​ងាយ​ស្រួល​ដោះ​ស្រាយ​ពេលជួប​បញ្ហា​ផ្សេងៗ និងកោត​សរសើរ​វាយ​តម្លៃ​ខ្ពស់​ទៅលើ​លទ្ធ​ផលការងារ​ដែល គ.ក.ស.ក ថ្នាក់​ខេត្ត ថ្នាក់​ក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់​ខិតខំ​សម្រេច​បាន​ប្រកប​ដោយ​លទ្ធផល​ផ្លែ​ផ្កា​គួរ​ជាទី​មោទនៈ ដែល​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះគឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទាំង​ក្នុង​វិស័យ​ការងារ​សេវា​សង្គម​និង​ក្នុង​វិស័យ​កិច្ចការ​ស្ត្រី និង​កុមារ​។

លោក​ជំទាវ បញ្ជាក់ថា​៖ បើ​ទោះបីជា គ.ក.ស.ក គ្រប់​លំដាប់​ថ្នាក់​សំរេច​បាន​នូវ​លទ្ធ​ផលការងារ​បាន​ច្រើន និង​ល្អ​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត់​តិចតួច​ដែល​តម្រូវឱ្យ​សមាជិក​ក្នុង​អង្គ​ប្រជុំ​ទាំង​អស់ ត្រូវ​រួម​គ្នា​ដើម្បីរក​នូវ​ដំណោះ​ស្រាយ​ទៅលើ​ចំណុច​ខ្វះខាត​ទាំង​នោះឱ្យ​បាន​ទាន់​ពេល​វេលា ពីព្រោះ​គោលបំណង​ដ៏​សំខាន់​បំផុត​ក្នុង​កិច្ច​ប្រជុំ​នេះគឺ​រៀបចំ​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ទៅលើ​សមិទ្ធិ​ផលការងារ​ដែល​សម្រេច​បាន ស្វែងរក​បញ្ហា​ប្រឈម​ចំណុច​ខ្វះខាត យកមក​រួម​គ្នា​ពិនិត្យ​ពិភាក្សារក​ដំណោះ​ស្រាយ ទុក​សម្រាប់​ជា​គន្លឹះ​ក្នុង​ការ​អនុវត្ត​ទិសដៅ​ការងារ​បន្ត ឱ្យ​ទទួល​បាន​លទ្ធ​ផល​កាន់តែ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ថែម​ទៀត​។
ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​លោក​ជំទាវ ប្រធាន គ.ក.ស.ក ខេត្ត​ក៏បាន​ស្នើ​ដល់​អង្គ​ប្រជុំទាំ​មូល​សូម​រួម​គ្នា​បញ្ចេញ​ជាមតិ​យោបល់ ដើម្បី​រួម​គ្នាកែសម្រួល​ទៅលើ​របាយ​ការណ៍​ឆមាសទី១ សំដៅ​ធ្វើឱ្យ​របាយ​ការណ៍​នេះ​កាន់តែ​មាន​ភាព​ត្រឹម​ត្រូវ ខ្លី​ហើយ​ច្បាស់​លាស់​បំពេញ​ចំណុច​ខ្វះ​ខាត់​បាន​គ្រប់​ជ្រុង​ជ្រោយ​។