កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​សៀមរាប ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣

រសៀល​ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ វេលា​ម៉ោង២ និង៣០នាទី នៅ​ក្នុងសាល​ប្រជុំ​ធំ របស់​រដ្ឋបាល​ខេត្ត​សៀមរាប មាន​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​សៀមរាប ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣ ដឹកនាំ​ដោយ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ដោយ​មាន​ការ​អញ្ញើញ​ចូល​រួមពី លោក/លោក​ស្រី អភិបាល អភិបាលរង​ក្រុង​ស្រុក លោក/លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ និង​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់​។

ក្នុង​នោះ​ដែល​លោក អ៉ឹង សុភ័ណ នាយកទី​ចាត់​ការ​អន្តរ​វិស័យ បាន​រាយ​ការណ៍ជូនគណៈ​អធិបតី និង​អង្គ​ប្រជុំ​ទាំងមូល អំពី​ការងារ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ដោយសារ​គ្រោះ​ធម្មជាតិ និង​ឧបទ្ទវ​ហេតុ​ផ្សេងៗ ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣ (គិត​ចាប់ពី​ថ្ងៃទី០១ ខែ​មករា ដល់​ថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ២០២៣) នេះ មាន​ក្រុង-ស្រុក​ចំនួន១២ ដែល​បាន​ទទួលរង​នូវផលប៉ះ​ពាល់ និង​ការខូចខាត​។

លោក​នាយកទី​ចាត់​ការ​អន្តរ​វិស័យ បាន​ជម្រាបជូន​បន្ត​ទៀតថា ក្នុង​ការ​ឆ្លើយតប​ទៅនឹង​គ្រោះ​មហន្ត​រាយ​នេះ កន្លងមក គណៈកម្មការ​ធិ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត សហការ​ក្រុង ស្រុក មន្ទីរ-អង្គ​ភាព​ជំនាញ កម្លាំង​សមត្ថកិច្ច សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប អង្គ​ការ​ដៃគូរ និង​សប្បុរស​ជន​នានា​បានជួយសង្គ្រោះ​ដល់ជនរង​គ្រោះ​ និង​បាន​ចូល​រួម​អន្តរាគមន៍​ភ្លាមៗ​ នៅពេល​មាន​គ្រោះ​ថ្នាក់ ឬ​ឧបទ្ទវ​ហេតុ​ផ្សេងៗ​កើត​ឡើង ដូចជា ខ្យល់​កន្ត្រាក់ អគ្គិភ័យ ជាដើម​៕