រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ស្មៀន ប៊ុ​ន​ធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា ដល់​មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ចសន្យា មន្ត្រី​ហាត់​ការ នៃ​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប សរុប ចំនួន ៤៧នាក់ ស្រី ២០នាក់ នៅ​បន្ទប់​ប្រជុំ​លេខ៤ សាលាខេត្ត​។ វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​អត្ថបទ ជាពិសេស​ការ​សរសេរ​សុន្ទរកថា ក្នុង​បរិបទ​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

ក្នុង​ឱកាស​នេះ​បើក​វគ្គ​នេះ​ផង​ដែរ លោក នាយករង​រដ្ឋបាល​សាលាខេត្ត បាន​មាន​មតិ​ស្វាគមន៍ និង​ចែករំលែក​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​កិច្ចការរដ្ឋ​បាល​មួយចំនួន ក៏ដូចជា​ការសិក្សា​ស្រាវជ្រាវ​ជាប្រចាំ​លើ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ថ្មី​ៗ ដើម្បី​ជា​ទុន​មុននឹង​ការរៀបចំ​សរសេរ​សុន្ទរកថា​ផង​ដែរ​។ លោក​បាន​ណែនាំ និង​បាន​ផ្ដាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់​ត្រូវ​គោរពវិន័យ​ក្នុង​ពេល​ចូលរួម​វគ្គ យកចិត្ត​ទុកដាក់​លើ​ការចែក​រំលែក​មេរៀន​របស់​អ្នកសម្របសម្រួល​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រៀម​យកចំណេះ​ដឹង បទ​ពិសោធ​ន៍​ថ្មី​ៗ​ទៅ​អនុវត្ត​ការងារ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

គួរ​បញ្ជាក់​ផង​ដែរ​៖ វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ១៦ម៉ោង ដោយ​សហការ​រៀបចំ​ដោយ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ជាមួយនឹង​ទីចាត់ការ​រដ្ឋបាល សាលាខេត្ត ដែល​នឹង​ប្រព្រឹត្តទៅ​ចំនួន ៤សប្ដាហ៍(១សប្ដាហ៍៤ម៉ោង) រៀងរាល់​ពេលព្រឹក​ថ្ងៃសុក្រ ចាប់ផ្ដើម​ពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣​។