អភិបាលខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យ​មានប្រសិទ្ធភាព

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​តាម​មូលដ្ឋាន និង​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ឲ្យ​មានប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។

ប្រសាសន៍​ដ៏​មាន​អត្ថន័យ​នេះ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប នា​ព្រឹក​ថ្ងៃទី០៥ ខេត្ត​កក្កដា ឆ្នាំ២០២៣​។

ឯកឧត្តម ងួន រតនៈ ថ្លែង​ទៀត​ថា កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ​នេះ ដើម្បី​ស្ដាប់​របាយការណ៍​វឌ្ឍនភាព​ប្រចាំខែ​របស់​ខេត្ត និង​សកម្មភាព​នានា​ដែល​បាន​កើតមានឡើង​នៅក្នុង​ខេត្តកំពង់ធំ​។ លើស​ពីនេះ​ទៀត​ឯកឧត្តម ងួន រតនៈ ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ បន្ត​អប់រំ បង្ក្រាប និង​ដកហូត លើ​ប្រជាពលរដ្ឋ​ណា​ដែល​បន្ត​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក បន្ទាប់ពី​អាជ្ញាធរ​បាន​ធ្វើការ​កំណត់​ព្រំប្រទល់ ច្បាស់លាស់​រវាង​ដី​ឯកជន និង​ដី​របស់​រដ្ឋ ។