លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសងអគារព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីហ្សែន សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ ជាពិសេសសម្រាប់អ្នកជំងឺកូវីដ-១៩ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ កំពុងដំណើរការសាងសង់ ដែលមានសមត្ថភាពអាចដាក់អ្នកជំងឺបានប្រមាណ២៣០គ្រែ នៅក្នុងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទំហំទទឹងប្រវែង៣៣ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ ខណៈដែលទីតាំងសម្រាប់សាងសង់អគារថ្មីរបស់មន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានសិក្សាររួចហើយ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា៕